ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី​ ២០១៨-២០១៩​ នៅវិទ្យាល័យ​ ១០​ មករា​ ឆ្នាំ​១៩៧៩​ ខេត្តសៀមរាប


នាព្រឹកថ្ងៃព្រហស្បតិ៍​ ៨រោច​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅវិទ្យាល័យ​ ១០​ មករា​ ឆ្នាំ​១៩៧៩​ ខេត្ត​សៀមរាប​ ក៏ដូចសាលាបឋម​សិក្សា​ អនុវិទ្យាល័យ​និង​វិទ្យាល័យ​ទូទាំងប្រទេស​ មានពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩​ ក្រោមអធិបតីភាព​ ​ឯកឧត្តម​ អុឹង​ ហឿន​ ប្រធានក្រុម​ប្រឹក្សាខេត្តស្ដីទី​ និងលោក​ ទៀ​ សីហា​ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ បណ្ឌិត​ ឃឹម​ ប៊ុនសុង​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងមានលោក​ លោកស្រី​ ប្រធាន​-អនុប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប​ មន្ទីរ​-អង្គភាព​ ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ លោក​គ្រូ​ អ្នក​គ្រូ​ នៃវិទ្យាល័យ​ ១០​ មករា​ ឆ្នាំ​១៩៧៩​ តំណាង​មាតាបិតា​សិស្ស​-អាណាព្យាបាល​សិស្ស​ និងសិស្សានុសិស្ស​ចូលរួម​ទាំង​អស់​សរុប​មាន​ចំនួន​ ៤៩៥០នាក់។

ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ​ដែរ​ លោក​ ទៀ​ សីហា​ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប​ បានអាន​សារលិខិត​របស់សម្ដេចអគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូនអង្គពិធីទាំងមូលបានជ្រាប​ ព្រមទាំង​មានមតិសំណេះសំណាល​ ជាមួួយ​សិស្សា​នុសិស្ស​ និង​ផ្ដល់នូវអនុសាសន៍​ និងដំបូន្មានល្អ​ៗ​ ដល់សិស្សានុសិស្ស​ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ​ ត្រងត្រាប់ស្ដាប់ការណែនាំ​ បង្ហាត់​បង្រៀន​របស់លោកគ្រូ​ អ្នកគ្រូ​ ដើម្បីក្រេបយកចំណេះដឹងល្អ​ៗ​ ព្រោះវិស័យអប់រំ​ គឺជាវិស័យគោល​ សិស្សា​នុសិស្ស​ជាសរសរទ្រូង​របស់ប្រទេសជាតិ​ និងជាទំពាំងស្នងឬស្សី​ ដើម្បីបន្ដវេនដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ​ និងដើម្បីយកចំណេះមកអភិវឍ្ឍន៍ខ្លួនឯង​ និងសង្គមជាតិឲ្យមានភាពរីកចម្រើន​ រុងរឿង​ ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ប្រជាជាតិមាតុភូមិ​ ស្របតាមគោលនយោបាយរបស់​រាជរដ្ឋាភិបាល​ ក៏ដូចជាការរក្សាបាននូវសុខសុវត្តិភាព​សង្គម​ កំណើនសេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​ចេរភាព​ ប្រជាធិបតេយ្យ​ និងរក្សាបាន​នូវសន្តិភាពសង្គម​ ដើម្បីបន្តឲ្យប្រជាជនកម្ពុជាយើងរស់នៅប្រកបដោយភាពសុខដុមរមនាជានិច្ច​ជានិរន្តន៍​។