ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី៖ ២០២៥ ពលរដ្ឋកម្ពុជានៅតាមជនបទទាំងអស់ នឹងមានលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត


(រតនគិរី)៖ ឯកឧត្តម អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានថ្លែងថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីផ្គត់ផ្គង់ និងលើកកម្ពស់អនាម័យជនបទឆ្នាំ២០១៤-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកគោលដៅនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ នឹងមានលទ្ធភាពទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត និងការរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យល្អប្រកបដោយនិរន្ដភាព។

ការថ្លែងដូចនេះរបស់ ឯកឧត្តម អៀម អឿន បានធ្វើឡើងនៅក្នុងឱកាសសិក្ខាសាលា រៀបចំផែនការសកម្មភាពថ្នាក់ខេត្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ជំហានទី២ (២០១៩-២០២៣) ដែលបានប្រារព្ធធ្វើឡើង នៅសាលប្រជុំរបស់សាលាខេត្តរតនគិរី នាថ្ងៃទី១ ខែវិច្ឆិកានេះ។

ឯកឧត្តម អៀម អឿន បានឲ្យដឹងទៀតថា ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាកម្ពុជា រដ្ឋបាលខេត្តរតនគិរី ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាសេនាធិការ បានបង្កើតផែនការសកម្មភាពថ្នាក់ខេត្តស្ដីពី ការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្តជំហានទី១ (២០១៤-២០១៨ ) ព្រមទាំងបានអនុវត្តន៍ប្រកបដោយជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តមប្រធានមន្ទីររូបនេះ បានបន្តថា ជាពិសេសដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកអភិបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឲ្យទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទនភាព ពោលគឺប្រជាពលរដ្ឋ បានយល់ដឹងពីសារៈសំខាន់នៃការទម្លាប់អនាម័យល្អ ការធ្វើទឹកឲ្យមានសុវត្ថិភាពមុនបរិភោគ និងការសម្អាតអនាម័យលំនៅស្ថានជាដើម។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីឲ្យផែនការសកម្មភាពថ្នាក់ខេត្ត ដែលបានដាក់ចេញ និងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានជោគជ័យ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជារដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបច្ចេកទេស ស្ដីពីវិស័យផ្គត់ផ្គង់់ទឹកស្អាត និងអនាម័យជនបទផងដែរ៕