ក្រុមប្រឹក្សារាជធានី ចាប់ផ្តើម ដោះស្រាយសំណួរ-សំណូមពរ និងកង្វល់ផ្សេងៗ របស់ ប្រជាពលរដ្ឋខណ្ឌចំការមន


ភ្នំពេញ: ក្រុមប្រឹក្សារាជធានីភ្នំពេញ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋក្នុងខណ្ឌចំការមន ដើម្បីដោះស្រាយសំណួរ-សំណូមពរ និងកង្វល់ផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋខណ្ឌចំការមន នៅព្រឹកថ្ងៃទី៥ ខែតុលានេះ នៅកោះពេជ្រ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានលើកឡើងថា វេទិកានេះ គឺជាការអនុវត្តន៍ ច្បាប់គ្រប់គ្រង របស់រដ្ឋបាល រាជធានីភ្នំពេញ ដែលតម្រូវឲ្យ ក្រុមប្រឹក្សារាជធានី រៀបចំវេទិកាសាធារណ: ទាំង១២ខណ្ឌ ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ដើម្បីផ្តល់នូវនីតិវិធី និងជាឩបករណ៍មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអភិបាលកិច្ចល្អ ក្នុងគោលបំណង ដោះស្រាយនូវ រាល់អាទិភាពរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានត្រូវបាន ពិនិត្យ ដោះស្រាយ និងធ្វើការឆ្លើយតប និងគ្រប់អ្នកពាក់ព័ន្ធ ក្នុងដំណើរការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ។
លោកបានបន្តថា រាល់សំណើសំណូមពរ របស់ប្រជាពលរដ្ឋ ដែលដាក់ចូលមក ក្រុមប្រឹក្សារាជធានី នាពេលកន្លងមក ក្រុមប្រឹក្សា បានចាត់ឲ្យគណ:អភិបាល ដោះស្រាយជាបន្តបន្ទាប់ ។ រីឯសំណូមពរមួយចំនួន ដែលនៅសេសសល់បាននិងកំពុងដោះស្រាយ។
លោកបានបញ្ជាក់ថា ក្រុមប្រឹក្សារាជធានី មានគោលបំណង ជំរុញនូវវប្បធម៌ដោះស្រាយ និងពិភាក្សា ក្នុងការលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ដោយរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋ អំពីការអភិវឌ្ឍ រាជធានីភ្នំពេញ និងបញ្ហាប្រឈមនានា ក៏ដូចជាការផ្តល់ សេវាសាធារណ: ផងដែរ៕

pa05-10-2016-1

pa05-10-2016-2

pa05-10-2016-3