កម្ពុជា​ និងឥណ្ឌូនេស៊ី ប្ដេជ្ញា​បន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ឲ្យកាន់រឹងមាំ និងរីកចម្រើនបន្ថែមទៀត


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក​​ Sudirman Haseng ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ​ក្នុងជំនួបនៅរសៀល​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន និងរឹងមាំ​ថែមទៀត តាមរយៈទំនាក់ទំនង​សហប្រតិបត្តិការការងារលើផ្នែកសន្តិសុខ ដូចជាការជួញដូរគ្រឿងញៀន​ បទល្មើសឆ្លងដែនជាដើម​។​

ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនទូតថ្មីរបស់ឥណ្ឌូនេស៊ី​ អំពីការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ជាផ្នែកមួយដែលប្រទេសទាំងពីរ​ អាចផ្លាស់ប្តូរបទពិសោធន៍​ និងបង្កើតកិច្ចសហប្រតិបត្តិកា​រ កាន់តែជិតស្និតរវាងក្រសួងមហាផ្ទៃ​ និងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌូនេស៊ីផងដែរ។​

សម្តេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានសម្ដែងនូវការគាំទ្រ​ និងសហការៀបចំឲ្យមានសកម្មភាពនានាសម្រាប់អបអរសាទរ នៅក្នុងខួបគម្រប់៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឥណ្ឌូនេស៊ី​ ហើយជាងនេះទៅទៀត នឹងបន្តជួយដោះស្រាយរាល់បញ្ហាផ្សេងៗ របស់ស្ថានទូតឥណ្ឌូនេស៊ី នៅកម្ពុជាផងដែរ។​

បន្ថែមលើសពីនេះ សម្តេចក្រឡាហោម ស ខេង​ បានចូលរួមរំលែកមរណទុក ចំពោះពលរដ្ឋឥណ្ឌូនេស៊ី ដែលបានជួបនៅព្យុះស៊ូណាមិក កាលពីកន្លងទៅថ្មីនេះ និងចូលរួមរំលែកទុកចំពោះក្រុមគ្រួសារ ដែលជួបឧបទ្ទវហេតុធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីនាពេលថ្មីៗនេះផងដែរ។

ជាមួយគ្នានេះ លោក Sudirman Haseng ក៏បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ ដែលកន្លងមកតែងតែជួយដោះស្រាយបញ្ហាពាក់ព័ន្ធ ជាមួយ​​ពលរដ្ឋឥណ្ឌូនេស៊ី បានសមស្រប និងទាន់ពេលវេលា។​

លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី នឹងបង្កើតនូវសកម្មភាពផ្សេងៗ ដើម្បីអបអររំលឹកដល់ខួបគម្រប់៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំក្រោយ ដោយសកម្មភាពទាំងនោះគឺ​ ឥណ្ឌូនេស៊ីចង់ឲ្យពលរដ្ឋ និងអ្នកវិនិយោគឥណ្ឌូនេស៊ីនៅកម្ពុជា បានទៅទស្សនកិច្ចស្វែងយល់​នៅសាលាមួយ ដែលបានសាងសងនៅខេត្តព្រៃវែង ដែលមានឈ្មោះថា សាលាមិត្តភាពកម្ពុជាឥណ្ឌូនេស៊ី៕​