ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួម​អបអរសាទរ​​ខួបលើកទី​១០០​ ​ថ្ងៃ​បញ្ចប់សង្គ្រាម​លោកលើកទី១ និង​វេទិកាទីក្រុងប៉ារីស ស្តីពី សន្តិភាព


ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរ​​ខួបលើកទី​១០០ឆ្នាំ​ នៃ​ថ្ងៃ​បញ្ចប់សង្គ្រាម​លោកលើកទី១ និង​វេទិកាទីក្រុងប៉ារីស ស្តីពីសន្តិភាព​ ដើម្បីជាការ​រំលឹក និងការ​គោរពដល់​វិញ្ញាណក្ខន្ធ​វីរបុរសខ្មែរ​ ដែលបានពលី​ជីវិត​ នៅក្នុង​បុព្វហេតុនៃការតស៊ូ​ជាមួយ​​កងទ័ព និងប្រជាជនបារាំង ដើម្បី​ការបញ្ចប់​សង្គ្រាមលោកលើកទី១ នៅឆ្នាំ​១៩១៨។

ក្រោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​នៅឆ្នាំ១៩៥៣ ក្រោម​ព្រះរាជបូជនីយកិច្ច ​នៃព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ​ព្រះបរមរតនកោដ្ឋ ប្រទេសកម្ពុជាធ្លាប់​ទទួលបាន​នូវសន្តិភាព ប៉ុន្តែ​បានបាត់​បង់ទៅវិញដោយសារសង្គ្រាម​ស៊ីវិល ចាប់ពីឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៩ ​របបកម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ ប៉ុន្តែ​អង្គការចាត់តាំង​នយោបាយ និង​យោធា​របស់​ក្រុម​ខ្មែរក្រហម នៅពុំទាន់​ត្រូវ​បាន​កម្ទេចដល់​ប្ញសគល់​ទាំងស្រុងនៅឡើយ។

កិច្ច​ព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បាន​នាំទៅដល់ការបោះឆ្នោត​សាកល​រៀបចំដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ ​ប៉ុន្តែសង្គ្រាមស៊ីវិល​នៅតែបន្ត​អូស​បន្លាយ។ ក្នុង​ដំណាក់កាល​នោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃកម្ពុជា បានអនុវត្តនយោបាយឈ្នះ ឈ្នះ រហូត​ឈាន​ដល់​ការបង្កើត​ព្រឹត្តិការណ៍ជា​​ប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ​១៩៩៨ ដែល​​អង្គការចាត់​តាំងនយោបាយ និងយោធា​ចុង​ក្រោយ​របស់​​ខ្មែរក្រហម ត្រូវបាន​រំលាយទាំងស្រុង។ ​​

ប្រទេសកម្ពុជាទទួល​បាន​មកវិញ​ នូវ​ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាព​ទឹក​ដី និង​សន្តិភាព​ពេញ​បរិបូរ ក្រោម​ដំបូលរដ្ឋធម្មនុញ្ញ​តែមួយ ដែល​មាតុភូមិ​ដ៏កំសត់​នេះ​បាន​បាត់បង់​ជាង៤០០ ឆ្នាំមកហើយ។ សន្តិភាពនេះ គឺជាមូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រជាជាតិកម្ពុជា ធ្វើ​ដំណើរ​លើ​មាគ៌ា​ឆ្ពោះទៅ​​រកការគោរពសិទ្ធិមនុស្ស ការ​ពង្រឹង​នីតិរដ្ឋ និងលទ្ធិ​ប្រជាធិបេតយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់​បន្ថយភាពក្រីក្រ និង​វិបុលភាព ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ និង​ពិភពលោក។

មាតុភូមិ​ និងប្រជាជនកម្ពុជា បាន​និងកំពុង​រីករាយសាទរ និង​គាំទ្រយ៉ាងពេញ​ទំហឹង ចំពោះ​​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជាបច្ចុប្បន្ន ដែលកំពុងថែ​រក្សា និងការពារ​បាន​យ៉ាងគត់មត់​នូវសន្តិភាព និង​ស្ថិរភាព​នយោបាយ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ជីវភាពរស់នៅ​ប្រកបដោយ​ភាព​សុខដុម​​របស់​ប្រជាជនកម្ពុជា៕