បន្ទាយមានជ័យ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្លូវលំ១ខ្សែប្រវែងជិត១០គីឡូម៉ែត្រតភ្ជាប់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបន្ទាយឆ្មារទៅកាន់រមណីយដ្ឋានអាងជើងគ្រុសក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលទទួលរងការខូចខាតដោយសារទឹកភ្លៀងនារដូវវស្សា បានធ្វើការជួសជុលឡើងវិញ ក្រោមការជួយឧបត្ថម្ភរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និង លោកជំទាវ។
លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ដោយមើលឃើញពី ការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅលើផ្លូវលំ១ខ្សែនេះ ឯកឧត្តមឧបនាយរដ្ឋ មន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានជួយធ្វើការស្ថាបនា ផ្លូវក្រាលក្រួសក្រហមប្រវែងជិត១០គីឡូម៉ែត្រនេះតាមរយៈក្រុមការងារចុះជួយមូលដ្ឋានដើម្បីសម្រួលដល់ការធ្វើដំណើរដល់ភ្ញៀវទេសចរ និងដល់បងប្អូនប្រជាពលរដ្ឋដឹកកសិផល។ ផ្លូវ នេះបម្រើដល់ទេសចរណ៍ជនបទ ដោយបានតភ្ជាប់ពីរមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ ទៅ រមណីយដ្ឋានអាងជើងគ្រុស ហើយនៅតាមផ្លូវនោះដែរមានប្រាសាទបុរាណរណបចំនួនពីរ គឺប្រាសាទយាយគំ និងប្រាសាទចិញ្ចឹមត្រី ដែលកំពុងក្លាយជាតំបន់ទេសចរណ៍កម្សាន្តផង ដែរនោះ។
លោក អ៊ុំ រាត្រី បានឱ្យដឹងទៀតថា នៅមានផ្លូវលំជនបទជាច្រើនខ្សែទៀតដែលអាជ្ញាធរខេត្តតែងតែបានយកចិត្តទុកដាក់គិតគូរ ជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការ ខូតខាតនៅតាមទីជនបទក្នុងបណ្តាស្រុក ក្រុង ឃុំ សង្កាត់ ភូមិ ដោយកន្លែងខ្លះការស្ថាបនា ឡើងដោយចាក់បេតុងក្រាលកៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហមទៅតាម លទ្ធភាពថវិកាដែលយើងមាន និងមួយចំណែកបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋ និង សប្បុរជនរួមគ្នាកសាង។
អភិបាលរងខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក៏បានធ្វើការជំរុញឱ្យមន្ទីរសាធារណ ការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរដែនដីត្រូវបន្តការយកចិត្ត ទុកដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ពិសេសនៅតាមតំបន់ដែលទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ ហើយត្រូវប្រញាប់ប្រញាល់ធ្វើការជួស ជុលឡើងវិញមិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ។
ជាមួយនោះដែរលោក អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តសូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុលស្ថាបនាហើយនោះ នៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង៕