សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២១


បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីរួចហើយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ដដែលនេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលកិច្ចប្រជុំ នេះមានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងពីនាយករដ្ឋមន្រ្តីចិន។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងអស់បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។

កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ បានប្រព្រឹត្តិទៅក្រោមប្រធានបទ «ការពិនិត្យឡើងវិញនូវកិច្ច សហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត»។ នៅក្នុងឱកាសនៃខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តីសោមនស្សរីរាយចំពោះសមិទ្ធផលផ្លែផ្កាជាច្រើន ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលបាននឹងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានអញ្ជើញធ្វើបទអន្តរាគមន៍ ដែលផ្តោតលើ “ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ អាស៊ាន-ចិន និង ទិសដៅអនាគត” ដោយបានគូសបញ្ជាក់ថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិនគឺជាដៃគូយុទ្ធសាស្រ្តមួយមិនអាចខ្វះបានរបស់អាស៊ាន ទោះស្ថិតនៅក្នុងកាលៈទេសៈ និងបរិការណ៍ណាក៏ដោយ ហើយសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់តែស្ថិតស្ថេរជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នជូនប្រជាជាតិទាំងអស់។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ក្នុងក្របខណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ដែលក្នុងនោះរួមមាន៖

១)កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ និងសេចក្តីប្រកាសរួមស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងចិនដើម្បីអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវចក្ខុវិស័យយន្តការ និងទិសដៅខាងលើ សំដៅរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើន។

២) កម្ពុជាស្វាគមន៍ការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំផ្លាស់ប្តូរសារព័ត៌មាន អាស៊ាន-ចិន ដោយសង្ឃឹមថាសមាជិកអាស៊ាន និងចិន នឹងផ្តល់អាទិភាពខ្ពស់ក្នុងការអនុវត្តនូវសកម្មភាព និងគម្រោងនានាពាក់ព័ន្ធនឹងវិស័យព័ត៌មាន សំដៅជំរុញការយល់ដឹងអំពីទំនាក់ទំនងអាស៊ាន-ចិន លើគ្រប់វិស័យ ជាពិសេសរួមចំណែកដល់ការកសាងជំនឿ និងទំនុកចិត្តដើម្បីជាស្ពានមិត្តភាពរវាងប្រជាជននិងប្រជាជន។

៣)កម្ពុជាវាយតម្លៃខ្ពស់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ចិន ពាក់ព័ន្ធនឹងវិស័យតភ្ជាប់ និងការបន្តការគាំទ្ររបស់ចិនក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរិះរកភាពរួមបញ្ចូលគ្នា និងការបំពេញឲ្យគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន និង

៤) កម្ពុជា គាំទ្រការបន្តពង្រឹង និងពង្រីកវិសាលភាព កិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងអាស៊ាននិងចិនឲ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើងប្រកបដោយចីរភាព និងបរិយាប័ន្ន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ ថ្ងៃនេះ គឺអង្គប្រជុំបានឯកភាពគ្នាក្នុងការចេញសេចក្តីប្រកាសព័ត៌មានរួមរបស់ប្រធានកិច្ចប្រជុំអាស៊ាន-ចិន លើកទី២១, ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០, សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍អាស៊ាន-ចិន, និង របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព២០១៦-២០២០ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាព រួមទាំងបញ្ជីសកម្មភាពសម្រាប់រំលឹកខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន និងបញ្ជីសកម្មភាពសម្រាប់ឆ្នាំនៃនវានុវត្តន៍អាស៊ាន-ចិន៕