ក្រសួងសង្គមកិច្ច និងគណៈកម្មការទី៨ នៃរដ្ឋសភា បង្ហាញជំហររួមគ្នា អភិវឌ្ឍន៍វិស័យសង្គមកិច្ច​​​​​​​​​​​​​​​​​នៅកម្ពុជា ឲ្យកាន់តែល្អខ្លាំងឡើងក្នុងអាណត្តិថ្មីនេះ


(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាន ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានបង្ហាញជំហរ រួមគ្នា ក្នុងការអភិវឌ្ឍន៍វិស័យសង្គមកិច្ច​​​​​​​​​​​​​​​​​នៅកម្ពុជា ឲ្យកាន់តែល្អខ្លាំងឡើងថែមទៀត ក្នុងអាណត្តិថ្មីនេះ។

ការបង្ហញគោលជំហររួមគ្នានេះ បានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាន ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងសង្គមកិច្ច​។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិសម្បទា បានលើកឡើងថា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ដើម្បី កំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យសង្គមកិច្ច នៅកម្ពុជា ពិតជាទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងក្លា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបានសមិទ្ធផលយ៉ាងច្រើន។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈកម្មការទី៨ អំពីវឌ្ឍនភាពថ្មីៗដែលក្រសួងបានសម្រេច និងកំពុងបន្តអនុវត្ត ដូចជា ការ​បង្កើតឲ្យមានមណ្ឌលថែទាំមនុស្សចាស់ ការផ្តល់ជូនប្រាក់របប គោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនអតីតយុទ្ធជន ការអភិវឌ្ឍមណ្ឌលព្រៃស្ពឺ ការមើលថែទាំស្រ្តី និងកុមារនៅតាមមណ្ឌល និងសហគមន៍ និងការអភិវឌ្ឍន៍លើវិស័យពិការភាពនៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ទាំងនេះគឺជាសមិទ្ធផលដ៏ជោគជ័យនៅក្នុងវិស័សង្គមកិច្ច នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាល ស្របពេលដែលបញ្ហាប្រឈមមួយចំនួន នៅតែត្រូវបានបន្តការយកចិត្តទុកដាក់ដោះស្រាយនៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល តាមរយៈការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព។

ក្នុងនាមប្រធានគណៈកម្មការទី៨ នៅក្នុងអាណត្តិថ្មីនេះ លោកស្រី ឡោក ខេង រួមជាមួយសមាជិក-សមាជិការនៃគណៈកម្មការ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងឱ្យបានរឹងមាំ ដោយរួមគ្នាគិត អនុវត្ត និងទទួលខុសត្រូវចំពោះយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ លោកជំទាវ ក៏បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី វង សូត ចាត់មន្ត្រីទំនាក់ទំនងដើម្បីធ្វើការជាមួយគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តការងារជាមួយគណៈកម្មការ ដើម្បីជួយបំពេញឱ្យគ្នាទៅវិញទៅមក។

លោកជំទាវ ប្រធានបានបន្តថា គណៈកម្មការទី៨ ចង់ស្វែងយល់បន្ថែមពីរចនាសម្ព័ន្ធដឹកនាំ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសង្គមកិច្ច​ ដែលបានអនុវត្តកន្លងមក ថាតើមានវឌ្ឍនភាព បញ្ហាប្រឈម និងមានទិសដៅទៅថ្ងៃអនាគតយ៉ាងដូម្តេច ដើម្បីឱ្យគណៈកម្មការ យកទៅកែច្នៃធ្វើជាយុទ្ធសាស្ត្រ បំពេញនូវអ្វីដែលបានសហការជាមួយគ្នាឲ្យមានភាពកាន់តែប្រសើរ។ នៅពេលគណៈកម្មការ បានរៀបចំនូវផែនការយុទ្ធសាស្ត្រហើយ នឹងសុំកិច្ចសហប្រតិបត្តិការពីក្រសួង ដើម្បីយើងចុះទៅអនុវត្តនូវផែនការទំាងអស់នេះរួមគ្នា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី វ​ង សូត ក៏បានទទួលយកនូវសំណើទាំងនេះ ពីលោកជំទាវ ប្រធានគណៈកម្មការ ហើយរដ្ឋមន្ត្រីនឹងសហការីពេញចិត្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទី៨ ឱ្យទទួលបានជោគជ័យបន្តទៅទៀត៕