អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រដៅមេធាវីម្នាក់ដែលមិនយល់ច្បាស់អំពីច្បាប់ ពាក់ព័ន្ធនឹងការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ


ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញមកប្រដៅ មេធាវីម្នាក់ដែលមិនយល់ច្បាស់អំពីច្បាប់ ពាក់ព័ន្ធនឹងនីតិវិធីតុលាការ ក្នុងការដាក់ជនត្រូវចោទ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ឯកឧត្តម គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា៖ «បើសូម្បីតែខ្លឹមសារនៃមាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ កំណត់អំពីអំណាចរបស់ចៅក្រមស៊ើបសួរក្នុងការសម្រេចដាក់ឱ្យជនត្រូវចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ សរសេរច្បាស់លាស់បែបនេះហើយ ក៏លោកបណ្ឌិតមេធាវីមើលមិនទាំងយល់ផង រីឯរវាងរបបឃុំខ្លួន និងរបបដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏លោកបណ្ឌិតមេធាវីចែកមិនដាច់ផងនោះ គឺបង្ហាញច្បាស់ថា លោកបណ្ឌិតពិតជាពុំទាន់មានសមត្ថភាពក្នុងការវិភាគរឿងផ្សេងទៀតឡើយ !»

ប្រតិកម្មអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើង បន្ទាប់ពីលោក​មេធាវី ហ៊ាង ឫទ្ធី តាមរយៈកិច្ចសម្ភាសជាមួយ វិទ្យុអាស៊ីសេរី បានរិះគន់ចំពោះចំណាត់ការតុលាការ ក្នុងការដាក់ លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលធ្វើឱ្យលោកហាក់ជាប់ឃុំនៅក្នុងផ្ទះ។

លោក ហ៊ាង ឫទ្ធី បានវែកញែកយ៉ាងដូច្នេះថា៖ «ថ្វី​ត្បិត​គ្រប់​ជនជាប់ចោទ​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ គឺ​គាត់​មិនទាន់​មានទោស​ទេ គាត់​នៅតែ​ជា​ជនសង្ស័យ​អ៊ីចឹង ហើយ​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ក៏​មិន​មាន​ច្បាប់​ណាមួយ​ឃុំខ្លួន​ក្នុង​ផ្ទះ​ដែរ តែ​បើ​ចៅក្រម​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គឺ​គាត់​ត្រូវ​មាន​សេរីភាព គ្រាន់តែ​ត្រូវ​បង្ហាញមុខ​នៅ​ចំពោះ​មុខ​តុលាការ​១ខែ​តែម្ដង»

ជុំវិញករណីនេះ ឯកឧត្តម គឹម សន្តិភាព បានព្រមានមេធាវីរូបនេះ កុំឱ្យតាំងខ្លួនជាអ្នកវិភាគតទៅទៀត។ លោក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមលោកបណ្ឌិតមេធាវីកុំតាំងខ្លួនតាមការបញ្ជោររបស់ RFA ជាអ្នកវិភាគស្អីគេនោះ ឈប់បានឈប់ទៅ! ប្រសិនបើ RFA ខ្វះអ្នកវិភាគផ្នែកច្បាប់ឱ្យបានត្រឹមត្រូវបែបនេះ អាចទាក់ទងទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើមេធាវីដែលមានសមត្ថភាពមកវិភាគផ្នែកច្បាប់ជូន!»