លោកជំទាវ ឃួន សុដារី៖ គណបក្សប្រជាជនកម្ពុជា បានកំណត់គោលដៅច្បាស់លាស់ក្នុងការជំរុញចលនាស្រ្តីនៅក្នុងសង្គម


(ភ្នំពេញ)៖ លោកជំទាវ ឃួន សុដារី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងការជំរុញចលនាស្រ្តីនៅក្នុងសង្គមទាំងក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងវេទិកាស្តីពី «វឌ្ឍនភាពស្រ្តីក្នុងវិស័យនយោបាយ» នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ លោកជំទាវ ឃួន សុដារី បានគូសបញ្ជាក់ថា គណបក្សប្រជាជន លើកស្ទួយសិលធម៌តម្លៃស្ត្រី លប់បំបាត់ទស្សនៈមើលស្រាលតួនាទីរបស់ស្ត្រី សំដៅលើកកម្ពស់ការចូលរួមរបស់ស្ត្រីឲ្យកាន់តែបានទូលំទូលាយ និងខ្លាំងក្លាក្នុងកិច្ចការកសាងសង្គម ក៏ដូចជាការការពារមាតុភូមិ។
លោកជំទាវបន្តថា គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តលើកកម្ពស់សមភាពយ័នឌ័រ ជំរុញភាពអង់អាចរបស់ស្ត្រីក្នុងសង្គមជាតិ ដោយជំរុញការបណ្តុះបណ្តាលបំពាក់បំប៉នវិជ្ជាជីវៈជំនាញបច្ចេកទេសសម្រាប់ពង្រីកមុខរបរបង្កើនចំណូល និងកសាងសហគ្រិនភាពព្រមទាំងការយកចិត្តទុកដាក់ការពារស្ត្រី និងលើកកម្ពស់សិទ្ធិជាច្រើនទៀត ដោយបានចាត់ទុក «ស្ត្រី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។
លោកជំទាវបានបញ្ជាក់ដូច្នេះ «កម្មវិធីនយោបាយរបស់គណបក្សប្រជាជនចំពោះស្ត្រីនេះ ក៏ជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន។ បញ្ហាលើកកំពស់សិទ្ធិស្រី្ត កន្លងមករដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ទាំងជាតិ និងអន្តរជាតិបានចំនួន២០ក្នុងចំណោមច្បាប់ដែលបានអនុ ម័តចំនួន៤៧៦ច្បាប់។ ប៉ុន្តែការងារនេះទាមទារឲ្យយើងទាំងអស់គ្នាចូលរួមវិនិយោគលើសមភាពយេនឌ័រទើបសម្រេចបាននូវលទ្ធផលសមភាពយេនឌ័រ៥០-៥០»។
លោកជំទាវ ឃួន សុដារី បន្ថែមថា លទ្ធផលបានមកពីការខិតខំរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បច្ចុប្បន្ននេះបង្កើនបានចំនួនស្រ្តីចូលរួមគ្រប់ការងារក្នុងសង្គមទាំងក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិនិងក្នុងវិស័យឯកជន។ ជាមួយនេះបានបង្កើនភាពអង្គអាចដល់ស្ដ្រីឲ្យចូលរួមធ្វើសេចក្តីសម្រេចគ្រប់ការងារទាំងក្នុងវិស័យនយោបាយ។