សាកលវិទ្យាល័យការពារជាតិកម្ពុជា និងសាកលវិទ្យាល័យការពារជាតិនៃសាធារណរដ្ឋកូរ៉េ ឈានដល់ការចុះ MoU លើការបណ្តុះបណ្តាលហ្វឹកហ្វឺននាយទាហាន ក្នុងវិស័យការពារជាតិ


(កូរ៉េ)៖ អនុវត្តតាមគោលការណ៍ឯកភាពរបស់ក្រសួងការពារជាតិ និងតបតាមការអញ្ជើញរបស់ប្រធានសាកលវិទ្យាល័យ ការពារជាតិនៃសាធារណរដ្ឋកូរ៉េ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ អមដំណើរដោយឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការរង នាយកមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងភាសា, ឧត្តមសេនីយ៍ទោ យិន ឆៃលី នាយកមហាវិទ្យាល័យការពារជាតិ និងប្រតិភូ បានអញ្ជើញទៅបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៅសាធារណរដ្ឋ កូរ៉េនាថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីឧត្តមសេនីយ៍ឯក គីម ហ៊ី ស៊ុក (Kim Hae Suk) ប្រធានសាកលវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបសវនាការការងារក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា បានជម្រាបជូនអំពីជោគជ័យ នៃនយោបាយឈ្នះ!ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ជានាយករដ្ឋមន្ត្រី សន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនឈានឡើង គ្រប់វិស័យទទួលបាន លទ្ធផលដ៏ត្រចះត្រចង់។

នាយឧត្តមសេនីយ៍ បានលើកឡើងអបអរលទ្ធផលជាផ្លែផ្កា នៃទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការកាន់តែល្អរវាង កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាពិសេសរវាងសាកលវិទ្យាល័យការពារជាតិទាំងពីរ។ ថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិទាំងពីរបាន យល់ព្រមរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការអោយបានរឹងមាំនាពេលបច្ចុប្បន្ន និងអនាគត ដោយបានចុះហត្ថលេខារួមគ្នាលើ អនុស្សារណៈនៃការយោគយល់ (MoU) លើវិស័យបណ្តុះបណ្តាល និងហ្វឹកហ្វឺននិស្សិតនាយទាហាន ក្នុងនោះភាគីកូរ៉េយល់ព្រម បញ្ជូនគ្រូបង្រៀនភាសាកូរ៉េមកបណ្តុះបណ្តាលនិស្សិត នាយទាហាននៅសាកលវិទ្យាល័ការពារជាតិកម្ពុជានិងផ្តល់ឯកសារសម្ភារៈមួយចំនួនដែលបម្រើឲ្យកម្មវិធីសិក្សា។ភាគីកូរ៉េមានសេចក្តីសប្បាយរីករាយនិងសាទរជាខ្លាំងលើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យការពារជាតិទាំងពីរ ដែលបានចុះអនុស្សារណៈនៃការយោគយល់ (MOU) នាពេលនេះ តបតាមការអញ្ជើញរបស់ប្រធានសាកលវិទ្យាល័យការពារជាតិនៃសាធារណរដ្ឋកូរ៉េ (ឧត្តមសេនីយ៍ឯក គីម ហ៊ី ស៊ុក Kim Hae Suk)។

នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងអនុវត្តតួនាទីបណ្តុះបណ្តាល និងហ្វឹកហ្វឺនដល់និស្សិតសិក្ខាកាមជានាយទាហាន តាមគោលការណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិ របស់ប្រជាជន» ដើម្បីសម្រេចគោលដៅកសាងពង្រឹងសាកលវិទ្យាល័យការពារជាតិ តាមគោលសំខាន់២គឺ ៖ ទី១ ជាថ្នាល បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ ទី២ជាមជ្ឈមណ្ឌលតម្រង់ទិសគោលជំហរទស្សនៈ នយោបាយការពារជាតិចំទិស មានន័យថាបណ្តុះនិស្សិតនាយទាហានឲ្យរៀនពូកែ មានសញ្ញាប័ត្រ ក្លាយជាកងទ័ពម្នាក់មានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារ ជាតិមាតុភូមិ ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងឱ្យក្លាយជា កម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារ គោរព ជឿជាក់លើការ ដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ប្រតិភូសាកលវិទ្យាល័យការពារជាតិកម្ពុជា បានអញ្ជើញទស្សនាស្វែងយល់តាមបណ្តាមហាវិទ្យាល័យ ចំណុះសាកលវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋកូរ៉េដែលកំពុងបណ្តុះបណ្តាលហ្វឹកហ្វឺន វិស័យការពារជាតិ ព្រមទាំងបានទៅទស្សនាភូមិសន្តិភាព ផានម៉ុនយ៉ុម ព្រំដែនបងប្អូនកូរ៉េទាំងពីរផងដែរ។

ក្នុងអំឡុង នៃដំណើរទស្សនកិច្ចនេះផងដែរ នាយឧត្តមសេនីយ៍ ជា តារា និងប្រតិភូត្រូវបានលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីឯកឧត្តម Byung Jue-illសមាជិកសភា អនុរដ្ឋមន្រី្តការបរទេសនៃសាធារណៈរដ្ឋកូរ៉េ និងជាអនុប្រធានកិច្ចសហប្រតិបត្តិការ រវាងសាធារណៈរដ្ឋកូរ៉េ និងកម្ពុជា ព្រមទាំងមហាជនជាតិខ្មែរនិិងអន្តរជាតិចូលរួមយ៉ាងកុះករផងដែរ៕