ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកពិនិត្យសហគ្រាសកែច្នៃផលិតផលស្វាយរបស់ ក្រុមហ៊ុន LBN Agriculture


នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួចមក ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកពិនិត្យសហគ្រាសកែច្នៃផលិតផលស្វាយរបស់ ក្រុមហ៊ុន LBN Agriculture ដែលមានទីតាំងនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ។ ដោយយោងតាមអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុននេះ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាក្រុមហ៊ុននេះបានចាប់ដំណើរការកាលពីខែឧសភា ឆ្នាំ២០១៨ ដាក់ទុន វិនិយោគ ប្រមាណជាង ២លានដុល្លារ មានសមត្ថភាពកែច្នៃផ្លែស្វាយជាផលិតផលស្វាយស្ងួតបានចំនួន ៣០០តោនក្នុងមួយខែ ហើយជាមធ្យមក្នុង ១ថ្ងៃក្រុមហ៊ុន ប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករស្ថិតក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំប្រមាណពី ៦០-១០០តោន ក្នុង១ថ្ងៃ ហើយមួយគីឡូក្រាមក្នុងតម្លៃ ១២០០-១៦០០រៀល។ ផលិតផលសម្រេច ភាគច្រើនទាំងនោះត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ក្នុងតម្លៃ ៥,៣ ដុល្លារក្នុងមួយគីឡូក្រាម។

បន្ទាប់ពីបានអញ្ជើញពិនិត្យខ្សែសង្វាក់ផលិតកម្មរួចមក ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែករកទីផ្សារ ស្វាយជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃផលិតផលស្វាយដើម្បីនាំចេញ។ សកម្មភាពនេះគឺពិតជាបានរួមចំណែកដោះស្រាយបញ្ហាទីផ្សារស្វាយ បង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ។ យោងលើ របាយការណ៍របស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្នុង ១ហត ស្វាយកែវរមៀតអាចផ្តល់ទិន្នផលជាមធ្យម ១០តោន ទៅ២០តោន លក់បានតម្លៃ ១០ ទៅ២០លានរៀលក្នុងការប្រមូលផលម្តង ហើយក្នុង១ឆ្នាំអាច ប្រមូលផលបាន២ ដង ដូច្នេះ ១ឆ្នាំអាចទទួលបានចំណូលយ៉ាងតិច ២០លាន រៀល។ ស្ថានភាពនៃកម្រិតចំណូលនេះ ដោយក្នុងករណីប្រជាកសិករមានដីដាំស្វាយមួយ ហត អាចសន្និដ្ឋានបានថា អាចឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាទស្សនកិច្ចនាពេលនេះ គឺចង់បង្ហាញពីឱកាសដល់កសិករក្នុងការដាំស្វាយកែវរមៀត សម្រាប់វិនិយោគិនធ្វើការកែច្នៃដើម្បីនាំចេញផលិតផល សម្រេច ដោយត្រូវអនុវត្តកសិកម្មតាមកិច្ចសន្យា និងជាពិសេសគឺលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជនដែល ត្រូវរួមគ្នាជាមួយរដ្ឋ (រដ្ឋ-វិស័យឯកជន) ក្នុងការជំរុញ និងនាំយកផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងធ្វើការចរចាជាមួយក្រុមហ៊ុនអូស្រ្តាលីដើម្បីការកែឆ្នៃស្វាយចន្ទិរ ហើយនាំចេញនាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានសារទចំពោះព័ត៌មាននេះ និងបានសំណូមពរ និងលើកទឹកចិត្តឲ្យគិតគូធ្វើការកែច្នៃផលិតកសិកម្មផ្សេងបន្ថែមទៀត ដើម្បីនាំចេញ។