UN ប្រគល់ប្រាក់សំណង ២៨ម៉ឺនដុល្លារដល់គ្រួសារសពទាហានមួកខៀវ ៤នាក់ ដែលពលីជីវិតនៅអាហ្វ្រិកកណ្តាល


អង្គការសហប្រជាជាតិ (UN) បានប្រគល់ថវិកា២៨ម៉ឺនដុល្លារអាមេរិក ដល់គ្រួសារសពទាហានមួកខៀវ ៤នាក់ ដែលបានពលីជីវិតនៅអាហ្រ្វិកកណ្តាលកាលពីខែឧសភា ឆ្នាំ២០១៧កន្លងទៅ ដែលពិធីប្រគល់ និងទទួលប្រាក់សំណងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្រី ក្លែវ៉ាន់ឌឺវ៉ារិន តំណាងអង្គការសហប្រជាជាតិ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
នាយឧត្តមសេនីយ សែម សុវណ្ណី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៦ មកមជ្ឈមណ្ឌលជាតិបានបញ្ជូនកម្លាំងមួកខៀវកម្ពុជា ៤,៧៦៩នាក់ក្នុងនោះ ស្រី២០៣នាក់ ទៅចូលរួមក្នុងបណ្តាបេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន៨ មានសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រីសនិងម៉ាលី។

បច្ចុប្បន្នមានកម្លាំងមួកខៀវកម្ពុជាចំនួន៨១១រូប ស្រី៥៦រូប កំពុងបំពេញបេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ (UN) នៅប្រទេសលីបង់ ហើយចាប់តាំងពីឆ្នាំ២០១៤មកដល់បច្ចុប្បន្ន មានទាហានមួកខៀវ៩រូប បានពលី និង១១រូប របួសដោយសារជម្ងឺគ្រុនចាញ់ ផ្ទុះអាវុធយុទ្ធភណ្ឌ និងការវាយប្រហារដោយក្រុមឧទ្ទាម។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា ការងាររក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ គឺមានការប្រឈមនឹងគ្រោះថ្នាក់ច្រើន ហើយថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល តែងតែបន់ស្រន់ ឲ្យកងកម្លាំងយើង ទទួលបានសេចក្តីសុខ ពិសេសក្នុងការជំរុញ ការហ្វឹកហ្វឺនប្រើប្រាស់អាវុធ និងវិន័យកងកម្លាំងជាការចាំបាច់ណាស់ សម្រាប់ទាហានគ្រប់រូប ដូចជាការគោរពវិន័យជាតិ អន្តរជាតិនិងវិន័យត្រូវមានការប្រុងប្រយ័ត្នជាប្រចាំ ព្រោះប្រទេសដែលត្រូវទៅបំពេញការងារនោះ ជាប្រទេសដែលមានបញ្ហាកងកម្លាំងមានភាព «ក្លាហាន តែកុំព្រហើន និងកុំប្រហែសឲ្យសោះ កេរ្តិ៍ឈ្មោះនិងវីរៈភាព របស់ទាហានដែលបានពលីកម្មកម្ពុជាមិនភ្លេចទេនឹងចងចាំជានិច្ច»។

លោកស្រី ក្លែវ៉ាន់ ឌឺវ៉ារិន តាងនាមឲ្យអង្គការសហប្រជាជាតិ បានថ្លែងរំលឹកគុណដល់វីរៈភាព របស់កងកម្លាំងមួកខៀវកម្ពុជាទាំង៤រូប ដែលបានបូជាជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្ម កាលពីខែឧសភាកន្លងទៅ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព និងរាជរដ្ឋាភិបាលម្ពុជា ព្រមទាំងបានអំពាវនាវដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ធ្វើការស្រាវជ្រាវ ដើម្បីនាំជននោះទៅកាត់ទោសតាមច្បាប់។

គួរបញ្ជាក់ថា នាយទាហ៊ានមួកខៀវកម្ពុជា០៤រូប បានស្លាប់ដោយសារការវាយប្រហារពីក្រុមឧទ្ទាមនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលរួមមាន៖ លោកអនុសេនីយទោ អ៊ឹម សំ នៅកងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោកអនុសេនីយ៍ឯក ម៉ៅ អេង កងឯកភាពសាកលវិទ្យាល័យការពារជាតិ លោកព្រឹន្ទបាលទោ ស៊ាង នរិន្ទ នៅកងឯកភាពមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព និង លោក ព្រឹន្ទបាលទោ មុំ តុលា នៅកងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព៕