កំពត ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោកជំទាវ ហ៊ុន ម៉ាលី កូនស្រីពៅសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះមកប្រគល់ផ្ទះទេវតាចំនួន០៤ខ្នងជាបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅលើទឹកដីខេត្តកំពត។
១.ផ្ទះលេខ២០៨ ប្រគល់ជូន លោកយាយ ដួង ចន អាយុ៧៧ឆ្នាំ រស់នៅភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ជាអំណោយរបស់ ឯកឧត្តម ហេង ស៊ីនឿន និងលោកជំទាវ មាស ផល្លីន ព្រមទាំងបុត្រ។
២.ផ្ទះលេខ២០៧ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអ្នកផ្តល់ដីសម្រាប់សាងសង់ ប្រគល់ជូន លោកយាយ លឹម គឹមអេង អាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃសំណាង ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត ជាអំណោយរបស់ លោកឧកញ៉ា ង៉ូវ សារិន និងលោកជំទាវ ហាងលក់មាស គួង ហុង។
៣.ផ្ទះលេខ១៩៨ ប្រគល់ជូន លោកយាយ គាំ រិន អាយុ៦៥ឆ្នាំ រស់នៅភូមិឈ្លីតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត ជាអំណោយរបស់ របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប។
៤.ផ្ទះលេខ២០៩ ប្រគល់ជូន អ៊ុំប្រុស នាក់ សាវឿន អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត ជាជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
សូមបញ្ជាក់ថា: ទុរគតជនដែលទទួលបានផ្ទះនីមួយៗ ក្រោយពីទទួលបានផ្ទះហើយនោះ ក៏ទទួលបានអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានជាសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ថ្នាំពេទ្យ និងថវិកាមួយចំនួនធំ។
ក្នុងឱកាសនោះដែរមានប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ រួមមានសម្ភារសិក្សា ទឹកដោះកូនក្មេង នំកញ្ចប់ រទេះរុញសម្រាប់ជនពិការ ចំនួន០៦គ្រឿងជូនជនពិការ និងថវិកាមួយចំនួនផងដែរ។
លោកជំទាវ ហ៊ុន ម៉ាលី ដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះមកប្រគល់ផ្ទះចំនួន០៤ខ្នងជាបន្តទៀតជូនដល់ទុរគតជនចាស់ជរាគ្មានទីពឹងនៅខេត្តកំពត
