កម្ពុជា-រុស្ស៊ី ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកកិច្ចការអយ្យការ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការថ្មី


(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់របស់ខ្លួនយ៉ាងសំខាន់ ជាមួយនឹងការចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំ២០២៥-២០២៦ ដែលមានគោលបំណងលើកកម្ពស់ កិច្ចសហប្រតិបត្តិការស្ថាប័នអយ្យការ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។

កិច្ចពិភាក្សានៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខា នាខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក ដោយបានលើកឡើង នូវបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖

១. ការពិភាក្សាតុមូលដែលគ្រោងនឹងរៀបចំ នៅសហព័ន្ធរុស្ស៊ីលើប្រធានបទ៖ “រចនាសម្ព័ន្ធ ភារកិច្ច និងការរៀបចំ និងការប្រពឹត្តទៅរបស់ការិយាល័យ អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថល ទៅក្នុងសកម្មភាពការងាររបស់ស្ថាប័នអយ្យការ ។ ទស្សនវិស័យនៃការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការងាររបស់ស្ថាប័នអយ្យការ»

២. កិច្ចប្រជុំអ្នកជំនាញដែលគ្រោងនឹងរៀបចំ នៅព្រះរាជាណាចក្រកម្ពុជា លើប្រធានបទ៖ “តួនាទីរបស់ព្រះរាជអាជ្ញា/រដ្ឋអាជ្ញាក្នុងការស៊ើបអង្កេត និងការចោទប្រកាន់រាល់បទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសឆ្លងដែន»

៣. មហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា តំណាងការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងសាកលវិទ្យាល័យនៃការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ត្រូវចូលរួមក្នុងសកម្មភាព បណ្តុះបណ្តាល (បាឋកថា) ដែលនឹងរៀបចំឡើងសម្រាប់ព្រះរាជអាជ្ញា/រដ្ឋអាជ្ញានៃរដ្ឋទាំងពីរ យ៉ាងហោចណាស់ ម្ដងក្នុងមួយឆ្នាំ ផ្អែកទៅតាមការព្រមព្រៀងគ្នា។

៤. ការផ្លាស់ប្តូរ ការបោះពុម្ពផ្សាយរបស់ស្ថាប័ន ការបោះពុម្ពផ្សាយបែបវិទ្យាសាស្ត្រ និងឯកសារវិធីសាស្ត្រ ទាក់ទងនឹងវិស័យសំខាន់ៗនៃសកម្មភាព ព្រះរាជអាជ្ញា/រដ្ឋអាជ្ញា រវាងស្ថាប័នអយ្យការនៃសហព័ន្ធរុស្ស៊ី និងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងប្រតិភូ៖

* បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, ការជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, បណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

* បានអញ្ជើញទៅដាក់កូរ៉ោនផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅរូបសំណាក់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដោយមានការអមដំណើររបស់ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។

ឯកឧត្តម អ៊ីហ្គ័រ ក្រាស្នូវ និងគណៈប្រតិភូ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការជូនដំណើរឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងវិស័យយុត្តិធម៌៕