ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនតំណាងសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ដោយពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាគមអតីតយុទ្ធជនជាច្រើនរូប។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ឈាមស្រស់ ក្នុងការតស៊ូការពារជាតិមាតុភូមិ រហូតទទួលបានសន្តិភាពពេញលេញដូចសព្វថ្ងៃ។ សន្តិភាពដែលយើងកំពុងរីករាយជាមួយគ្នានេះ គឺកើតចេញពីការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន។ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន គ្រួសារយុទ្ធជនពលី ពិការ និងយុទ្ធជនចូលនិវត្តន៍។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដូចជាការផ្តល់ដីសម្បទានសង្គមកិច្ច ការសាងសង់លំនៅឋាន ការផ្តល់ប័ណ្ណសមធម៌សម្រាប់ទទួលបានសេវាសុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម និងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់អតីតយុទ្ធជន ដើម្បីធានាថាជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។
ជាការឆ្លើយតប ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញមកជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនក្នុងខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីធានាថា អតីតយុទ្ធជនទាំងអស់ទទួលបាននូវការយកចិត្តទុកដាក់ និងការគាំទ្រគ្រប់បែបយ៉ាង។
ឯកឧត្តមអភិបាលខេត្តបានបន្តថា កន្លងមក រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដីធ្លី ការផ្តល់លំនៅឋាន និងការសម្របសម្រួលផ្សេងៗទៀត ជូនដល់អតីតយុទ្ធជន និងបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ឱ្យបន្តចូលរួមចំណែកថែរក្សាសន្តិភាពដែលមានស្រាប់ ព្រមទាំងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
កិច្ចសំណេះសំណាលនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ ដោយមានការលើកឡើងនូវសំណូមពរ និងមតិយោបល់ផ្សេងៗពីសំណាក់តំណាងអតីតយុទ្ធជន ដែលត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត ទទួលយក និងសន្យាដោះស្រាយទៅតាមលទ្ធភាព និងនីតិវិធីដែលមាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បាននាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូនអតីតយុទ្ធជនដែលបានចូលរួមផងដែរ ជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល៕

.j.jpg)

.j.jpg)
.j.jpg)