(ភ្នំពេញ)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជន អំពាវនាវឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយឈរលើស្មារតី «ផ្ដល់កិត្តិយស ផ្ដល់ជីវភាពល្អប្រសើរ និងផ្ដល់ឱកាស»។
ក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ទាំងក្នុងវិស័យរដ្ឋក្តី ឬឯកជនក្តី សូមចូលរួមលើកតម្លៃ ផ្តល់ឱកាស ក៏ដូចជាចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និងឱកាសនានាជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ។
បើតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, ការតស៊ូរហូតបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ គឺពិតជាលំបាកណាស់ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែមិនអាចបំភ្លេចបានទេ ដល់បិតាសន្តិភាពរបស់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា និងរាល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមឆ្លងកាត់គ្រប់ដំណាក់កាលនៃការតស៊ូរំដោះជាតិចេញពីភ្លើងសង្គ្រាម។
ក្នុងនាមជាអតីតនាយនគរបាលមួយរូប ដែលមានអតីតភាពការងាររយៈពេល៤៤ឆ្នាំ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានយល់យ៉ាងច្បាស់ចំពោះ ការលះបង់បូជា និងគំរូវីរភាព ក្លាហានអង់អាចជាទីបំផុតរបស់យុទ្ធជនកម្ពុជា។ លោកក៏សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងអនេក ចំពោះរាល់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ដំណើរការកសាងសន្តិភាព ការពង្រឹងខឿនសន្តិសុខសង្គម និងស្ថេរភាពនយោបាយ ដែលបានផ្តល់នូវភាពសុខដុមរមនាដល់សង្គមដូចសព្វថ្ងៃនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ថែមថា ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាល ការលើកទឹកចិត្ត ការផ្តល់ឱកាស និងការលើកកម្ពស់ជីវភាព ត្រូវបានផ្តល់ឲ្យយ៉ាងទូលំទូលាយជូនដល់អតីតយុទ្ធជន រួមទាំងនិវត្តជន និងជនពិការបាត់បង់សមត្ថភាពការងារទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងរបាយការណ៍របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ពិតជារំលេចឲ្យយើងបានឃើញច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់ ទំនុកបម្រុងជាប់ជាប្រចាំពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាសមាគមអតីតយុទ្ធជន ជូនចំពោះអតីតយុទ្ធជនដោយផ្តោតលើគោលដៅសំខាន់៣ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់គឺ «កិត្តិយស ជីវភាព និងឱកាស»។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានកោតសរសើរដល់លោកអ្នកឧកញ៉ា អ្នកឧកញ្ញា ឧកញ៉ា លោក លោកស្រី ដែលជាអ្នកដឹកនាំវិស័យឯកជនមួយចំនួន កន្លងទៅបានចូលរួមជាមួយរាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជនកម្ពុជា ធ្វើការបរិច្ចាគទ្រព្យធន ប្រាក់កាស ក៏ដូចជាចូលរួមជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនផងដែរ ដែលនេះគឺជាកាយវិការមនុស្សធម៌ និងការបង្ហាញនូវគុណូបការៈដ៏ធំមួយដល់អតីតយុទ្ធជន។
ដោយឡែក អគ្គលេខាធិការដែលជាសេនាធិការផ្ទាល់ ត្រូវបន្តស្មារតីសកម្មផុសផុលរបស់ខ្លួន ធ្វើការកៀរគរ មូលនិធិ សម្ភារៈ ដើម្បីជាទុនក្នុងការជួយដល់អតីតយុទ្ធជន និងធ្វើការបែងចែកជួយឧបត្ថម្ភឲ្យបានទៀងទាត់ទាន់ពេល។ មួយវិញទៀត ត្រូវគិតគូរ រៀបចំទីស្នាក់ការនៅតាមគ្រប់បណ្តាខេត្តដែលមិនទាន់មាន ពីព្រោះថាការដែលមានទីស្នាក់ការ គឺជាកត្តាអំណោយផលបំផុត ដែលងាយស្រួលដល់អតីតយុទ្ធជនទាក់ទង និងក្រុមការងារអាចបំពេញការងារបានងាយស្រួលផងដែរ។
ខណៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជន ឃុំ សង្កាត់ នៅតាមរាជធានីខេត្ត និងបន្តចុះប្រមូលទិន្នន័យ អំពីស្ថានភាព បញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ និងត្រូវរៀបចំកម្មវីធីអភិវឌ្ឍសហគមន៍ អតីតយុទ្ធជនឲ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាគាំពារសុខុមាលភាព អតីតយុទ្ធជនឲ្យកាន់តែល្អប្រសើរ។ លើសពីនេះទៀត ក្រសួងក៏ត្រូវបន្តអនុវត្ត ការផ្តល់គោលរបបឧបត្ថម្ភផ្សេងៗ ជូនដល់អតីតយុទ្ធជនបានទៀងទាត់ ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព៕