(កំពង់ចាម)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ថា ក្រសួងកសិកម្ម នឹងចូលរួមគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានដីពីកម្មវិធីនយោបាយ «ផ្តល់ដី ការពារព្រៃ» របស់រាជរដ្ឋាភិបាល ក្នុងការចងក្រងពួកគាត់ជាសហគមន៍កសិកម្មទំនើប ដើម្បីលើកម្ពស់ជីវភាពរបស់បងប្អូន។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងនាឱកាសថ្លែងក្នុងពិធី «រុក្ខទិវា» នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ផ្តល់ដី ការពារព្រៃ ក្នុងទម្រង់ជាសម្បទានដី សង្គមកិច្ច ដើម្បីបង្ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បង្កើនការអភិរក្សធនធានធម្មជាតិ និងប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋ ក៏ដូចជាជួយបងប្អូនប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដឱ្យទទួលបានដីសម្រាប់ប្រកបរបរ កសិកម្មចិញ្ចឹមជីវិត និងជួយការពារព្រៃឈើ និងដីព្រៃដែលនៅជិតនោះ។
ឯកឧត្តមបន្តថា មកទល់ពេលនេះ រាជរដ្ឋាភិបាលបានទទួលសំណើរបស់ប្រជាពលរដ្ឋជាង ១២ ០០០គ្រួសារ មកពីឃុំ/សង្កាត់ចំនួនជាង ១ ០០០ នៅទូទាំងប្រទេស និងបានរៀបចំដំណើរការចាប់ឆ្នោត ដើម្បីជ្រើសរើសប្រជាពលរដ្ឋចំនួន ២ ៥០០គ្រួសារដំបូងមកទទួលដី និងតាំងទីលំនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានរៀបចំជាប្លង់បែងចែកឡូតិ៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ចាំបាច់គាំទ្រដល់ការរស់នៅរបស់បងប្អូន។
ឯកឧត្តមបន្ថែមថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចូលរួមតាមរយៈការរៀបចំចងក្រង ជាសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅ»។
សូមជម្រាបថា «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» គឺជាកម្មវិធីដែលផ្តួចផ្តើមបង្កើតឡើង និងដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណង (១) ដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានដីពិតប្រាកដ (២) ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន និង(៣) ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារព្រៃ និងអភិរក្សព្រៃឈើ ដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព។ កម្មវិធីនេះនឹងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ក្រោមទម្រង់សម្បទានដីសង្គម កិច្ច និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។
លេខាធិកាដ្ឋាននៃ «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» សហការជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) បានរៀបចំចាប់ឆ្នោតជុំទី១ សម្រាប់ អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
រចាប់ឆ្នោតជុំទី១នេះ ត្រូវចាប់យកអ្នកមានសំណាងចំនួន២,៥០០គ្រួសារ ក្នុងចំណោមអ្នកបានដាក់ពាក្យស្នើសុំដីសរុបទូទាំងប្រទេសចំនួន១២,៣២៩គ្រួសារ ហើយ ក្នុងចំណោមអ្នកចាប់ឆ្នោតបានចំនួន ២,៥០០គ្រួសារនេះ អ្នកមានសំណាងចំនួន ៥០០គ្រួសារ ដែលជ្រើសរើស តាមលំដាប់លេខរៀង ដែលចាប់បានតាមរាជធានី ខេត្តនឹងត្រូវបានក្រុមការងារចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រអូរកែវ ឃុំល្ពៅនិងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ដោយឡែកចំពោះប្រជាពលរដ្ឋចំនួន ២,០០០គ្រួសារទៀត តាមលំដាប់លេខរៀងបន្តបន្ទាប់តាម បណ្តារាជធានី ខេត្តនីមួយៗ នឹងត្រូវជ្រើសរើសសម្រាប់បំពេញបង្គ្រប់ នូវចំនួនកំណត់នៃរាជធានី ខេត្តរបស់ខ្លួន។ សម្រាប់គម្រោងទី១ ចំនួន៥០០គ្រួសារ (ក្នុងករណីគ្រួសារណាមួយត្រូវបានក្រុមការងារពិនិត្យឃើញថា មិនមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់) និងសម្រាប់គម្រោងបន្តបន្ទាប់ទៀតតាមលំដាប់លេខរៀង បន្តបន្ទាប់នៃការចាប់ឆ្នោតក្នុង រាជធានី ខេត្តសាមី៕