អ្នកឧកញ៉ា គិត ម៉េង៖ ការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី គឺជាចំណុចចាប់ផ្តើមនៃភាពជាដៃគូយូរអង្វែងរវាងសភាពាណិជ្ជកម្មទាំងពីរ


(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកឡើងថា ការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី គឺជាចំណុចចាប់ផ្តើមនៃភាពជាដៃគូយូរអង្វែងរវាងសភាពាណិជ្ជកម្មទាំងពីរ។

អ្នកឧកញ៉ា គិត ម៉េង លើកឡើងដូច្នេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិរួម ជាមួយលោក ដាតុ តូនី ឡយ (Tony Looi) ប្រធានសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ដើម្បីបង្កើតក្របខណ្ឌផ្លូវការនៃសភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងម៉ាឡេស៊ី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្នុងអំឡុងពេលនៃពិធីជប់លៀងអាហារពេលល្ងាច ដែលមានការអញ្ជើញរួមពី លោក សាហារូឌីន អន ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងធុរជនទាំងពីរប្រទេស។ សេចក្តីប្រកាសនេះ បញ្ជាក់កាន់តែច្បាស់អំពីបំណងប្រាថ្នារួម ក្នុងការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និង ម៉ាឡេស៊ី និង ជាចំណុចចាប់ផ្តើមនៃភាពជាដៃគូយូរអង្វែងរវាងសភាពាណិជ្ជកម្មទាំងពីរ។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍គណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ដែលដឹកនាំដោយលោក ដាតុ តូនី ឡយ និង បានគូសបញ្ជាក់អំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងសភាពាណិជ្ជកម្មទាំងពីរ។

អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា ពិធីជប់លៀង និងពិធីចុះហត្ថលេខានាល្ងាចនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ និង ភាពជាដៃគូ នាពេលអនាគត។

អ្នកឧកញ៉ាប្រធាន បានលើកឡើង អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងម៉ាឡេស៊ី។ ទន្ទឹមគ្នានេះ អ្នកឧកញ៉ា លើកទឹកចិត្តវិនិយោគិនម៉ាឡេស៊ី បន្តវិនិយោគនៅកម្ពុជា និងស្វាគមន៍សារជាថ្មីគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ពីគ្រប់វិស័យ រួមមាន៖ សំណង់ អចលនទ្រព្យ ម្ហូបអាហារ ភេសជ្ជៈ បច្ចេកវិទ្យាព័ត៌មានវិទ្យា ពាណិជ្ជកម្ម និង សេវាកម្ម។

អ្នកឧកញ៉ាប្រធាន សង្កត់ធ្ងន់ថា ផ្អែកលើនិន្នាការបច្ចុប្បន្ន និង ស្ថានភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ពេលនេះ គឺជាពេលវេលាដ៏សមស្របបំផុតសម្រាប់វិនិយោគិនម៉ាឡេស៊ីចាប់យកឱកាសវិនិយោគនៅកម្ពុជា៕