ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាវិលត្រឡប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី បានទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាវិលត្រឡប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ លោក លោកស្រី គណៈគ្រប់គ្រង គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន អ្នកអាណាព្យាបាល និងសិស្ស-និស្សិត។

ក្នុងបរិយាកាសដ៏កក់ក្តៅនាឱកាសនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមស្វាគមន៍ យ៉ាងស្និទ្ធស្នាល ជាមួយក្មួយៗនិស្សិតកម្ពុជាទាំងអស់ដែលសម្រេចចិត្តវិលត្រឡប់ពីប្រទេសថៃមកបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាទាំងគ្រឹះស្ថានសាធារណៈ រដ្ឋនិងឯកជននៅកម្ពុជាវិញ ព្រមទាំងនិសិត្សក៏បានលើកឡើងពីកង្វល់-ចម្ងល់និងបញ្ហាប្រឈមរបស់ខ្លួន ពាក់ព័ន្ធនឹងការដាក់សំណើសុំអាហារូបករណ៍បន្តការសិក្សាក្នុងស្រុក ជាពិសេសបានសម្របសម្រួលឱ្យមានការឆ្លើយតប និងជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ-វិទ្យាស្ថានដើម្បីស្វែងយល់ពីលក្ខខណ្ឌផ្សេងៗគ្នាតាមសាកលវិទ្យាល័យនីមួយៗ និងបានស្នើសុំឱ្យខាងសាលាជួយសម្រួលដំណើរការនៃការចូលរៀនបន្តនេះឱ្យបានឆាប់រហ័សផងដែរ។

តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីក្មួយៗនិស្សិតគិតត្រឹមថ្ងៃនេះ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ចំនួន១៧៩នាក់ និងលើកទី២ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និងផ្សេងៗ ២នាក់)។ បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ក្មួយៗ ជាក់ស្តែង ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣នៃព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ បានអំពាវនាវដល់ក្មួយៗដែលរងសម្ពាធ និងត្រូវបានគេរើសអើសក្នុងប្រទេសថៃ វិលត្រឡប់មកសិក្សានៅប្រទេសកម្ពុជាវិញ ដោយសម្តេចនឹងឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់ក្មួយៗនិស្សិត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីបន្តការសិក្សានៅក្នុងប្រទេស និង ទទួលការអប់រំប្រកបដោយគុណភាព ដែលនេះគឺជាការវិនិយោគដ៏ថ្លៃថ្លាលើការកសាងធនធានមនុស្សដើម្បីអនាគតប្រទេសជាតិ។ ទន្ទឹមនេះដែរ ក្រសួងក៏សូមថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនទាំងអស់ដែលបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយចូលរួមផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃក្រោមឈ្មោះ អាហារូបករណ៍សម្តេចតេជោ និងជាពិសេសបានជួយអនុគ្រោះពិចារណាលើការផ្ទេរក្រេឌីតសិក្សាដើម្បីពន្លឿនការសិក្សារបស់និស្សិតកម្ពុជាយើង។

ជាថ្មីម្តងទៀត សូមលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដោយសូមចងចាំថា ការអប់រំ មិនមែនត្រឹមតែសម្រាប់ទទួលសញ្ញាបត្រទេ ប៉ុន្តែសម្រាប់បង្កើតចំណេះដឹង ជំនាញពិតប្រាកដ មានគុណធម៌សីលធម៌ មានចក្ខុវិស័យ និងរៀបចំខ្លួនឯងឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវខ្ពស់ ហើយសូមយកឱកាសនេះបង្កើតបានជាគុណប្រយោជន៍អតិបរិមា ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពលសម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ និស្សិតចំនួនប្រមាណ៨០០នាក់ បានចាកចេញពីប្រទេសថៃមក ដល់ កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ។

សម្រាប់និស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា សូមរួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់ជាមួយគ្រឹះស្ថានដែលខ្លួនស្នើសុំ។ អាហារូបករណ៍សិក្សាក្នុងប្រទេសកម្ពុជាដែលនិស្សិតយើងទទួលបាននាពេលនេះ គឺមានតម្លៃណាស់ ដោយក្មួយៗអាចសិក្សានៅជិតគ្រួសារ នៅក្នុងបរិយាកាសប្រកបដោយសុខសុវត្ថិភាព និងគ្មានការគំរាមកំហែង៕