សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននឹង អញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅប្រទេស វៀតណាម ក្នុងពេលឆាប់ៗនេះ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មានក្រសួងការបរទេសបានអោយដឹងថាការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម របស់សម្តេច តេជោ ហ៊ុន សែន នេះ ធ្វើឡើង តបតាមការអញ្ជើញរបស់ ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រភពបន្តថា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីរួមមានសម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរៈជន ជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងចូលជួបសម្តែងការគួរសមដាច់ ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ង្វៀន ហ្វ៊ូ ជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកជំទាវ ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធាន រដ្ឋសភាវៀតណាម។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការ បារម្ភរួមគ្នា។

ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារមួយចំនួន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

នាយករដ្ឋមន្រ្តីទាំងពីរនឹងចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពីការជំរុញវិនិយោគ និង ពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរសៀលថ្ងៃទី ៤ ខែតុលា។ នៅថ្ងៃទីពីរនៃទស្សនកិច្ច នាយករដ្ឋមន្រ្តី ទាំងពីរ នឹងអញ្ជើញ ជាអធិបតីក្នុងសន្និសីទបូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថា

នឹងបញ្ចប់ដោយការចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមា ព្រំដែន ៨៤% ដែលសម្រេចបាន។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាក្ខន្ធនៅវិមានអនុស្សាវរីយ៍បុព្វបុរសនិងយុទ្ធជនពាលី និងនៅវិមានតម្កល់សពលោកហូជីមិញ៕