ក្រចេះ ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដាក់ចេញនូវគោលការណ៍សំខាន់ចំនួន ៤ចំណុច ដើម្បីពង្រឹងការអភិរក្សសត្វផ្សោត និងប្រព័ន្ធជីវចម្រុះតាមដងទន្លេមេគង្គ ក្នុងទឹកដីខេត្តក្រចេះ ដែលការដាក់ចេញនូវគោលការណ៍នេះធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងការអភិរក្សសត្វផ្សោត និងប្រព័ន្ធជីវចម្រុះនៅក្នុងទន្លេមេគង្គខេត្តក្រចេះ កាលពីរសៀលថ្ងៃ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ ។
នៅក្នុងគោលការណ៍ទាំងបួនដែលឯកឧត្ដមអភិបាលខេត្តបានដាក់ចេញនោះគឺ ១-ត្រូវបន្តកិច្ចសហការឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ជាមួយអង្គការ WWF ប្រចាំប្រទេសកម្ពុជា ។ ២-បន្តសហការជិតស្និទ្ធជាមួយសហគមន៍នេសាទនៅក្នុងមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍នានាក្នុងការពង្រឹងការអនុវត្តច្បាប់ជលផល និងលិខិតបទដ្ឋានគតិយុត្ត ។ ៣-ហាម ឃាត់ជាដាច់ខាតការប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ។ ៤-ត្រូវបន្ដតាមដាននិងស្រាវជ្រាវប្រព័ន្ធជីវចម្រុះ និងចងក្រងទិន្នន័យ ពិសេសជម្រករស់នៅនិងការបង្កកំណើតរបស់សត្វផ្សោតទន្លេមេគង្គ ដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់វា ។
នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃចន្ទនោះ ក៏មានការអញ្ជើញចូលរួមពីលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សធនធានជលផល និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងដាក់ចេញនូវគោលការណ៍សំខាន់ៗក្នុងការការពារ និងគ្រប់គ្រងធនធានជលផល និងប្រព័ន្ធជីវចម្រុះ ពិសេសសត្វផ្សោតទន្លេមេគង្គ ជម្រករបស់វានិងទប់ស្កាត់ការធ្វើនេសាទខុសច្បាប់ ។
អភិបាលខេត្តក្រចេះឯកឧត្ដម វ៉ា ថន បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាការពារ និងអភិរក្សធនធានជលផល ប្រព័ន្ធជីវចម្រុះ ពិសេសសត្វផ្សោតទន្លេមេគង្គ ព្រោះវាជាកត្តាដ៏សំខាន់សម្រាប់ខេត្តក្រចេះ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត ។ ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា ដោយសារយើងមានសត្វផ្សោតទន្លេមេគង្គ ធ្វើឱ្យខេត្តក្រចេះបានក្លាយជាគោលដៅទេសចរណ៍ទីពីរបន្ទាប់ពីប្រសាទអង្គរវត្ត នៅខេត្តសៀមរាប ៕