ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនចិន បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដម សួស យ៉ារ៉ា


ឯកឧត្ដម Lou Qinjian ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនចិន បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែល ឯកឧត្ដម Lou Qinjian ត្រូវបានតែងតាំងជាប្រធានគណៈកម្មការ។ ឯកឧត្ដម Lou បានសង្កត់ធ្ងន់ថាចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន ត្រូវបានបន្តពង្រឹង និងពង្រីកឥត ឈប់ឈរលើគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ កម្ពុជា និងចិនតែងតែសហការគ្នា និងជំរុញការ​ផ្លាស់ប្តូរ​ទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងន័យថែរក្សា និងជំរុញទំនាក់ទំនងកម្ពុជា-ចិន ដោយ​ប្រកាន់​ខ្ជាប់នូវចក្ខុវិស័យ និងផលប្រយោជន៍រួម ដើម្បីភាពរីកចម្រើន និងវិបុលភាព ឆ្ពោះទៅសម្រេចបានការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន។ ឯកឧត្ដម Lou Qinjian ក៏បានបញ្ជាក់ដែរថា ចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាង ប្រទេសទាំងពីរ និងបន្តគាំទ្រ​គ្នា​ទៅវិញ​ទៅមក នៅលើឆាកតំបន់ និងអន្តរជាតិ ដើម្បីឈានទៅសម្រេច បានពហុភាគីនិយមមួយដ៏ពិត​ប្រាកដ ប្រកប​ដោយយុ​ត្តិធម៌ និងស្មើភាពគ្នា។ កម្ពុជា និងចិននឹងបន្តពង្រឹង ចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងភាតរភាពរបស់ប្រទេសទាំងពីរ ដោយផ្អែកលើគោលការណ៍នៃការ គោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា អធិបតេយ្យភាពស្មើគ្នា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។