(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកលតាមកាលកំណត់ (UPR) ដើម្បីផ្ដល់មតិយោបល់ ឬធាតុចូលផ្សេងៗទៅលើសេចក្ដីព្រាងរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា និងដើម្បីឱ្យមានអនុលោមភាពជាមួយនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, លោកស្រី រួអេដា អិល ហាច តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) និងមានការអញ្ជើញចូលរួមពីតំណាងមកពីព្រឹទ្ធសភា រដ្ឋសភា អង្គទូត ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល។
លោកស្រី រួអេដា អិល ហាច បានថ្លែងថា ការរៀបចសិក្ខាសាលានេះគឺជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ទាំងរដ្ឋាភិបាល តំណាងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាយន្តការរាយការណ៍អំពីសិទ្ធិមនុស្សកម្ពុជា និងអង្គការសង្គមស៉ីវិល ក្នុងការចូលរួមជាមួយយន្តការ UPR។
លោកស្រី រួអេដា អិល ហាច បានបន្តថា ការពិនិត្យជាសកល តាមកាលកំណត់ (UPR) ជាដំណើរការដែលផ្តល់ឱកាសរដ្ឋាភិបាល សម្រាប់ការពិនិត្យ ការប្រកាសពីផែនការសកម្មភាពរបស់ខ្លួន ដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេស និងបំពេញកាតព្វកិច្ចសិទ្ធិមនុស្ស។
លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) បានលើកឡើងថា ការៀបចំសិក្ខាសាលានេះឡើង គឺជាឱកាសមផ្តល់ការសន្ទនាគ្នាដោយទល់មុខគ្នា ដើម្បីស្វែងរកដំណោះស្រាយ រកបញ្ហាលំបាក ឆ្លៀតឱកាសពន្យល់ហើយអ្វីដែលសំខាន់ដើម្បីស្តាប់ឱ្យយល់ច្បាស់ពីបញ្ហានីមួយៗ។
នាឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការបង្ហាញសេចក្តីព្រាង ផែនការជាតិរបស់ខ្លួនទាក់ទងការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជាពិសេសដើម្បីពិគ្រោះយោបល់ជាមួយដៃគូសង្គមស៊ីវិលសំខាន់ៗ។ យន្តការ UPR មានសារៈសំខាន់ខ្លាំងណាស់ដល់ប្រជាជាតិទាំងអស់ដើម្បីអាចឆ្លុះបញ្ចាំង ពីទស្សនៈរបស់អ្នកជំនាញ ព្រមទាំងមិត្តភក្តិបបរទេស ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ការពិនិត្យឡើងវិញជាសកល តាមកាលកំណត់ គឺជាយន្ដការសិទ្ធិមនុស្សតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលមានការចូលរួមពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ប្រទេស និងធ្វើឡើងរៀងរាល់ ចន្លោះពីបួនឆ្នាំកន្លះទៅប្រាំឆ្នាំម្ដង។ យន្ដការនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ តាមរយៈការចែករំលែកឧត្តមានុវត្ត និងការផ្ដល់ជំនួយបច្ចេកទេសរវាងរដ្ឋនានា និងដៃគូផ្សេងៗទៀត ហើយក៏ដើម្បីធានាថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ត្រូវបានលើក យកមកជជែកពិភាក្សានៅចំពោះមុខរដ្ឋដទៃទៀតដោយស្មើៗគ្នា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា សម្រាប់កម្ពុជា បានចូលរួមជាមួយយន្ដការនេះ ចំនួនបីជុំរួចមកហើយ គឺក្នុងឆ្នាំ២០០៩, ២០១៤ និងឆ្នាំ២០១៩។ សម្រាប់ការពិនិត្យរបាយការណ៍ជុំទី៣ របស់កម្ពុជាក្នុងឆ្នាំ២០១៩ មានប្រទេសចំនួន៧៣ ចូលរួម និងបានផ្ដល់អនុសាសន៍សរុបចំនួន ១៩៨ ដោយក្នុងនោះកម្ពុជាបានសម្រេចទទួលយកចំនួន ១៧៣ និងធ្វើការកត់សម្គាល់ចំនួន ២៥អនុសាសន៍។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា សេចក្ដីព្រាងរបាយការណ៍ UPR ជុំទី៤ ជាការបង្ហាញនូវសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបានរួមទាំងបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តអនុសាសន៍ទាំង១៧៣ ដែលបានទទួលយក ក្នុងរយៈពេលប្រមាណជាងបួនឆ្នាំកន្លងទៅនេះ។ ជាក់ស្ដែង ក្រសួង ស្ថាប័នពាក់ព័ន្ធ បានអនុវត្តនិងសម្រេចបានលទ្ធផលជាច្រើនលើគ្រប់វិស័យនៃសិទ្ធិ ហើយរបាយការណ៍នេះបានដាក់បញ្ចូលនូវចំណុចគោលៗ ដូចជា៖ ក្របខណ្ឌច្បាប់ គោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីផ្សេងៗ ដែលបានដាក់ចេញនិងកំពុងអនុវត្តរួមទាំងទិន្នន័យជាក់លាក់មួយចំនួនតែប៉ុណ្ណោះ។ សូមរំឭកផងដែរថា កាលពីចុងឆ្នាំ២០២១ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចងក្រងរបាយការណ៍ពាក់កណ្ដាលអាណត្តិ (រយៈពេល ២ឆ្នាំ) ក្នុងគោលបំណងតាមដានលើវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ និងបានសហការជាមួយ OHCHR រៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិជាមួយគ្រប់ភាគីពាក់ព័ន្ធ នៅពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
ជាមួយគ្នានេះ ក្រៅពីក្រសួង/ស្ថាប័នរបស់រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធដទៃទៀតក៏បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអនុសាសន៍ផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល។ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនាឱកាសនេះនឹងនាំមកនូវកាលានុវត្តភាពសម្រាប់ការចែករំលែកនូវធាតុចូលផ្សេងៗ ដែលធ្វើឱ្យរបាយការណ៍ជាតិកាន់តែមានលក្ខណៈល្អប្រសើរនិងពេញលេញ។ ពោលគឺជារបាយការណ៍មួយ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា៕