ឯកឧត្តមវេជ្ជ.សុះ មុះសិន បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងរៀបចំសំឡេះគោគួរហ្ពាន(Quran)សម្រាប់យកសាច់ចែកជូនសាសនិកឥស្លាម ក្នុងឱកាសនៃបុណ្យរ៉យ៉ាហាជ្ជី (Eid al-Adha)


ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងរៀបចំសំឡេះគោគួរហ្ពាន (Qurban) សម្រាប់យកសាច់ចែកជូនសាសនិកឥស្លាមក្នុងឱកាសនៃបុណ្យរ៉យ៉ាហាជ្ជី (Eid al-Adha)១៤៤៥ មហាំម៉ាត់សករាជ-ឆ្នាំ២០២៤។

ឯកឧត្តមវេជ្ជ.សុះ មុះសិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ពូមីង និងបងប្អូនសាសនិកឥស្លាមក្នុងឱកាសនៃបុណ្យរ៉យ៉ាហាជ្ជី១៤៤៥ មហាំម៉ាត់សករាជ-ឆ្នាំ២០២៤ ជាពិសេសសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើសារចូលរួមអបអរសាទរចំពោះបងប្អូនមុស្លិមកម្ពុជា ចំនួន ៩១០រូប ដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជ្ជី ដែលជាកាតព្វកិច្ចសាសនា នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមបងប្អូនមកពីគ្រប់ជាតិសាសន៍ប្រមាណជាង ២លាននាក់នៅជុំវិញសកលលោក។ សម្តេច និងលោកជំទាវបណ្ឌិតក៏បានផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនមុស្លិមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានប្រកាន់យកសាសនាផ្សេងៗប្រកបដោយសុខដុមនីយកម្ម រស់នៅដោយសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនាមក្រុមការងារសមាគមនិស្សិតមុស្លិមមុស្លិមកម្ពុជា និងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា ឯកឧត្តមវេជ្ជ. សុះ មុះសិន បានអញ្ជើញជាអធិបតីក្នុងពិធីសំឡេះគោគួរហ្ពានជានិមិត្តរូប សម្រាប់យកសាច់ចែកជូនសាសនិកឥស្លាមក្នុងឱកាសនៃបុណ្យរ៉យ៉ាហាជ្ជី ១៤៤៥ មហាំម៉ាត់សករាជ-ឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ និងឯកឧត្តមបានចាត់តាំងឱ្យក្រុមការងារចាត់ចែងសំឡេះសត្វគោយកសាច់ ចំនួន ២៨៥ក្បាល ចែកជូនសាសនិកឥស្លាមតាមសហគមន៍មួយចំនួន ដូចជា រាជធានីភ្នំពេញ កណ្ដាល កំពង់ចាម កំពង់ធំ ព្រះវិហារ ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ត្បូងឃ្មុំ ក្រចេះ ព្រះសីហនុ កំពត និងខេត្តកែប អនុវត្តចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៤។

គួររំលឹកថា ពិធីបុណ្យសំខាន់ៗនៅក្នុងប្រតិទិនសាសនាឥស្លាម មានពីរ គឺទី១៖បុណ្យរ៉យ៉ាហ្វីទ្រី( Eid-ul-Fitr) ដែលបង្ហាញពីការបញ្ចប់នៃខែរ៉ាម៉ាដានដ៏បរិសុទ្ធ និងទី២៖បុណ្យរ៉យ៉ាហាជ្ជី( Eid-ul-Adha) ដែលជាពិធីបុណ្យដ៏សំខាន់មួយ ដែលបន្ទាប់ពីការបញ្ចប់នៃធម្មយាត្រា (Hajj) ប្រចាំឆ្នាំ ស្របពេលនៃការធ្វើពិធីសំឡេះសត្វពាហនៈ ហៅថា គួរហ្ពាន (Qurban) នៅតាមសហគមន៍ ដើម្បីចែកសាច់ជួយជនក្រីក្រ និងអ្នកខ្វះខាតបានបរិភោគ។