ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ ពាក្យ «សន្តិភាព» ស្រួលនិយាយ ស្រួលសរសេរ តែមកដល់ពេលនេះប្រទេសលើពិភពលោកមួយចំនួន មិនរកបានសន្តិភាពនេះបាននៅឡើយទេ


(កំពង់ស្ពឺ)៖ ថ្លែងទៅកាន់កងកម្លាំងជាង៦០០នាក់ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ថា អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា កុំថាឡើយសន្តិភាព សូម្បីតែសុវត្តិភាពរបស់ប្រជាជនរបស់ខ្លួន ក្នុងក្របខណ្ឌប្រទេសរកមិនទាន់បានផង នៅបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក។

និយាយដោយឡែកនៅកម្ពុជាជាង៥០០ឆ្នាំកន្លងមក ក៏ទើបតែទទួលបានសន្តិភាពពេញលេញនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ដែលរកបានដោយពិបាក និងបានប្តូរដោយឈាមស្រស់ និងឆ្អឹងយុទ្ធជនរាប់ពាន់នាក់ ដើម្បីទទួលបានពាក្យថា «សន្តិភាព» ដូច្នេះយើងជាកងកម្លាំងត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវពាក្យថា «អរគុណសន្តិភាព»។

ការបញ្ជាក់របស់អភិបាលខេត្ត បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងទាំង៣ប្រភេ ដោយមានការចូលរួមផងដែរពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមជាមួយឧត្តមសេនីយ៍មេបញ្ជាការកងឯកភាពទាំង៣ប្រភេទ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទភ័ណ បានបន្ថែមទៀតថា«យ៉ាងណាមិញពាក់ព័ន្ធជាមួយនឹងបញ្ហាការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជារបស់យើងបានដាក់ខេត្ត៤មាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ដែលបានកើតឡើងតាំងពី២៥ឆ្នាំ កន្លងមកហើយ។ បងប្អូនជ្រាបហើយថា កន្លងមកនេះបែរជាមានបុគ្គលមួយចំនួនតូចញុះញង់បំភ័ណបំភ្លៃការពិតពីបញ្ហា CLV ថារាជរដ្ឋាភិបាល កាត់ទឹកដីឲ្យបរទេសទៅវិញ ដូច្នេះទេក្នុងនាមយើងជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសក្នុងនាមជាប្រធានគណៈកម្មការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ យើងត្រូវតែមានវិធានការចំពោះបុគ្គលណាដែលមានគំនិតបំផ្លើសបំភ្លៃព័ត៌មាន ឬក៏ក្រុមណាដែលចង់បំផ្លាញភាពសុខសន្តិភាពនេះនៅក្នុងដែនសមត្ថកិច្ចខេត្តកំពង់ស្ពឺ របស់យើងត្រូវតែបង្ក្រាបជាដាច់ខាត»។

ឯកឧត្តមបណ្ឌិតបានបន្តថា«យើងដឹងអស់ហើយថា ការរកសន្តិភាពជូនដល់ប្រទេសជាតិមានការលំបាកខ្លាំងណាស់សម្ដេចតេជោ ហ៊ុន សែន បានបូជាសាច់ស្រស់ឈាមស្រស់ យកជីវិតធ្វើដើមទុនរហូតមកដល់ពេលនេះ ទើបយើងមានឯករាជ្យ បូរណភាពទឹកដីពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង សម្រាប់២៥រាជធានី-ខេត្ត នៅក្នុងប្រវត្តិសាស្ត្រប្រមាណជាង៥០០ឆ្នាំកន្លងមកនេះ»។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ប៉ុន្តែថ្មីៗនេះជនអគតិមួយចំនួនតូច ចង់បំបែកបំបាក់ប្រជាជន ដោយចង់គំរូតាមគំរូប្រទេសបង់ក្លាដែស មានការចង់ប្រមូលផ្តុំធ្វើបាតុកម្ម បង្កអសន្តិសុខក្នុងប្រទេស ចំណុចនេះស្នើឲ្យកងកម្លាំងរបស់យើង ត្រូវតែពង្រឹងស្មារតី ហើយគ្រប់ភាគីទាំងអស់ត្រៀមលក្ខណៈជាស្រេច ដើម្បីបង្ក្រាបចំពោះក្រុមណាដែលមានបំណងអាក្រក់ញុះញង់ធ្វើឲ្យបាត់បង់សន្តិភាពនេះឲ្យខានតែបានដាច់ខាត កិច្ចការងារចំពោះមុខ កងកម្លាំងត្រូវរក្សាឲ្យបានសណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈជូនទៅដល់បងប្អូនជាពលរដ្ឋរបស់យើង៕