ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២ ដែលមានបេក្ខជន ៤ ៣២១រូប ចូលរួម បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ និងបានឈានដល់ដំណើរការកំណែសន្លឹកកិច្ចការដែលចាប់ផ្ដើមនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការ អន្តរក្រសួង អង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន។
តាមគណៈកម្មការប្រឡង បានបញ្ជាក់ថា ផ្អែកលើគោលការណ៍កំណត់សម្រាប់ការប្រលងប្រជែងគ្រូបឋមសិក្សា ការតាក់តែងវិញ្ញាសា ត្រូវបានរៀបចំធ្វើឡើងដោយគ្រូជំនាញ លើឯកទេសមុខវិជ្ជាគណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ កម្រិតសិក្សាថ្នាក់ទី១២។ វិញ្ញាសាទាំងអស់ ត្រូវបានតាក់តែង នាពេលព្រឹកសម្រាប់ការប្រឡងនាពេលរសៀល។
យោងតាមសេចក្តីជូនដំណឹង ស្តីពីដំណើរការកំណការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា បានបញ្ជាក់ថា អត្រាកំណែដែលមានការកំណត់ពិន្ទុសម្រាប់សំណួរនីមួយៗ ត្រូវបានរៀបចំដោយក្រុមគ្រូជំនាញ ក្នុងថ្ងៃតែមួយ ផ្អែកលើលក្ខណៈបច្ចេកទេស និងប្រភេទសំណួរតាមកម្រិតសិក្សា។ ក្នុងនោះករណីមានកំហុសបច្ចេកទេសលើសំណួរណាមួយជាយថាហេតុ សំណួរនោះនឹងត្រូវផ្ដល់ពិន្ទុដូចគ្នា សម្រាប់បេក្ខជនទាំងអស់។ ចំពោះពិន្ទុកំណត់លទ្ធផលចុងក្រោយនៃការប្រឡងប្រជែងគ្រូបឋមនេះ គឺជាពិន្ទុសរុបនៃការប្រឡងដំណាក់កាលទី១ បូកនឹងពិន្ទុសរុបនៃការប្រឡង ដំណាក់កាលទី២។
សេចក្តីជូនដំណឹងដដែល បានបន្ថែមថា ក្រោយការប្រកាសលទ្ធផលជាផ្លូវការ បេក្ខជន ដែលបានចូលរួមប្រឡងប្រជែង អាចដាក់ពាក្យស្នើសុំពិនិត្យសំណុំឯកសារ និងសន្លឹកកិច្ចការរបស់ខ្លួន ជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេលមួយសប្តាហ៍ ដែលគណៈកម្មការបានទុកពេលវេលាជូន អនុលោមតាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែង។
ជាមួយគ្នានោះ ដំណើរការកំណែសន្លឹកកិច្ចការ គ្រោងនឹងបញ្ចប់នៅក្នុងសប្ដាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំ លទ្ធផលរបស់បេក្ខជន និងអាណាព្យាបាលគ្រប់ៗរូប៕
.j.jpg)
.j.jpg)

.j.jpg)