ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យមន្ទីរឧស្សាហកម្ម ស្វែងរក និងពង្រីកសក្តានុពលវិស័យកម្មន្តសាលនៅក្នុងខេត្ត


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្វែងរក និងពង្រីកសក្តានុពលវិស័យកម្មន្តសាលនៅក្នុងខេត្ត ដើម្បីលើកកម្ពស់កំណើនប្រកបដោយតុល្យភាព និងភាពធន់នៃសេដ្ឋកិច្ច។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត​កំពង់ចាម និងខេត្ត​ត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដែលមានការចូលរួមពីគណៈអភិបាលខេត្ត, ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជាកំពុងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងឧស្សាហូបនីយកម្មរបស់​ខ្លួន ហើយការស្វែងរកប្រភពកំណើនថ្មីជាការងារសំខាន់។ ទន្ទឹមនឹងនោះ មន្ទីរក៏មិនត្រូវភ្លេចមូលដ្ឋានឧស្សាហកម្មដែលមានស្រាប់ ដោយពិនិត្យលទ្ធភាពបង្កើត​តម្លៃ​បន្ថែមឱ្យបានកាន់តែខ្ពស់។

ឯកឧត្តមបានពិភាក្សាសក្តានុពលមួយចំនួន ដូចជាការអភិវឌ្ឍប្រព័ន្ធត្រជាក់ (cold chain) ដែលគាំទ្រ ដោយផលិតកម្មទឹកកកដែលមានគុណភាព និងតម្លៃសមរម្យ, ការកែច្នៃអង្ករទៅជាគុយទាវវេចខ្ចប់ស្ងួត ឬផលិតជាស្រាអង្ករដើម្បីនាំចេញ, និងការទាក់ទាញក្រុមហ៊ុនកែច្នៃឈើកៅស៊ូដែលអាចចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ដែលបំពេញលក្ខខណ្ឌសម្រាប់ការនាំចេញរបស់អាជីវកម្មចម្លាក់ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ទីរទាំងពីរ ឱ្យធ្វើអាទិភាវូបនីយកម្មការងារ ដោយប្រកាន់យក​វិធី​សាស្រ្ត និងមធ្យោបាយត្រួតពិនិត្យ និងតាមដានអនុលោមភាព ដោយផ្អែកលើកម្រិតហានិភ័យ និងត្រូវរិះរកនូវនវានុវត្តន៍ និងបច្ចេកវិទ្យាដើម្បីជួយសម្រួលដល់ការងារ។ ឯកឧត្តមក៏បានលើកទឹកចិត្ត​ឱ្យមន្ទីរស្វែងរកការគាំ​ទ្រ​ពី​ដៃគូ ដូចជាសហគ្រិនខ្មែរ ក្នុងការលើកកម្ពស់សហគ្រិនភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមបានបន្ថែមថា៖ “សូមស្វែងរកកាតាលីករទីផ្សារនៅក្នុងខេត្តរបស់យើង ជាពិសេសអ្នកដែលផលិតបានហើយ និងអ្នកដែលបំពេញតាមស្តង់ដារគុណភាពរួចហើយ។ ហើយសូមកំណត់ថាតើអ្នកទាំងនោះត្រូវការឱ្យយើងបង្កើតស្តង់ដារជាតិអ្វីខ្លះបន្ថែមទៀត ដែលនឹងជួយបង្កើនភាពប្រកួតប្រជែង និងជំរុញការ នាំចេញទំនិញដែលផលិតក្នុងខេត្តបានកាន់តែច្រើន។”

ក្នុងនាមជាក្រសួងសម្របសម្រួលការ​អនុវត្ត​យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើឱ្យមានការគាំទ្រពីរដ្ឋបាលខេត្ត ក្នុងការសម្រួលនីតិវិធីចុះឈ្មោះ និងត្រៀមចុះឈ្មោះអាជីវកម្ម​ក្រៅប្រព័ន្ធ ​ដើម្បីពួកគាត់អាចឈានចូលក្នុងប្រព័ន្ធ និងទទួលបានការគាំទ្រ និងកញ្ចប់អត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល។

ទាក់ទងនឹងការអភិវឌ្ឍវិស័យទឹកស្អាត ឯកឧត្តមបានណែនាំឱ្យរដ្ឋាករទឹកសាធារណៈ​គាំទ្រដល់ប្រតិបត្តិករ​ទឹក​ស្អាតឯកជន លើការធ្វើតេស្តគុណភាពទឹកប្រចាំខែ។ ឯកឧត្តមបានបញ្ជាក់​ថា ក្រសួង​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស ​ដើម្បីចុះ​វាយ​តម្លៃ​ស្ថានភាពប្រតិបត្តិករទឹកស្អាតឯកជននៅ​ទូទាំង​ប្រទេស និងបាន​ស្នើ​ឱ្យមន្ទីរ​ផ្តល់ការ​​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​នេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ក្នុងចំណោមមន្ទីរនានា ក្រោមរដ្ឋបាលខេត្ត ពិសេសទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលប៉ះពាល់ដល់បណ្តាញចែកចាយទឹកស្អាត។ ឯកឧត្តមបានស្នើឱ្យរដ្ឋបាលខេត្តរៀបចំយន្តការចែករំលែកទិន្នន័យ ព័ត៌មាន និងពង្រឹងកិច្ចសហការ ដើម្បីកាត់​បន្ថយ​​ផល​ប៉ះពាល់ទាំងនេះ ដែលនឹងជួយឱ្យប្រតិបត្តិករទឹកស្អាតឯកជនមានលទ្ធភាពពង្រីកបណ្តាញ និងបង្កើនគុណភាពទឹកស្អាតជូនប្រជាពលរដ្ឋ។