រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ (កម្ពុជាស្អាត ខ្មែរធ្វើបាន)


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាពក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា បរិមាណសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ បានកើតទឿងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩ និងបច្ចុប្បន្ននេះ បានកើនឡើងរហូត ៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាម មានប្រមាណជាង ១០០០តោន ក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាម មានប្រមាណ៣៥០០តោន ក្នុងមួយថ្ងៃ។ នេះដោយសារកំណើនប្រជាពលរដ្ឋចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តថា ការទុកដាក់ដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ កាលពីមុនមិនល្អប្រសើរនោះទេ តែពេលនេះពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាម ៣ប្រកួនប្រជែងគ្នា ឃើញថា នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ មិនមានសំរាម កកស្ទះនៅតាមដងផ្លូវដូចមុន ដែលធ្វើអោយរាជធានីភ្នំពេញ មានបរិស្ថានកាន់តែល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការសំអាត ការប្រមូលសំរាម នៅរាជធានីភ្នំពេញក៏នៅមានបញ្ហាប្រឈមដែរ ដោយសារចំណេះដឹងប្រជាពលរដ្ឋ លើការទុកដាក់សំរាមនេះ នៅមានកំរិត ជាមួយនឹងការបញ្ចេញសំរាមមិនត្រឹមត្រូវតាមម៉ោងពេលជាដើម។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ដើម្បីឱ្យអនាម័យល្អ បរិស្ថានស្អាតទាមទារឱ្យយើងមានការចូលរួមទាំងអស់គ្នា ស្របតាមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖ «កម្ពុជាស្អាត ខ្មែរធ្វើបាន»នេះ ជាកម្មវិធីសំអាតពិភពដែនដី ការសំអាតភពផែនដី ដូចយើងសំអាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា៖ សុខភាពបរិស្ថានមាន៣ គឺ

ទី១៖ បរិស្ថានលើមេឃ, ទី២៖ បរិស្ថានលើដី និងទី៣៖ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននឹងកំពុងទប់ស្កាត់ជាតិពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជា មិនមានជាតិពុលទេ តាមរយៈការវាស់វែង ជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។

ទី២៖ បរិស្ថានលើដី យើងបានផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យបរិស្ថានល្អប្រសើរឡើង។ ដូចជាការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន ៥សែននាក់។ លោកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ។

ទី៣៖ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍តាមដានពីគុណភាពទឹក ធ្វើយ៉ាងណាឱ្យប្រភពទឹកមានបរិស្ថានល្អ។

ជុំវិញបញ្ហានេះដែរ កន្លងមកនេះ ឯកឧត្តមបានណែនាំឱ្យមន្ត្រីរបស់ក្រសួង ពិសេសនាយកដ្ឋានគ្រប់គ្រងធនធានទឹក ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់ដំបង និងនៅកំពង់សោម តែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងហើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសូមឱ្យមានការចូលរួមធ្វើអោយបរិស្ថានទាំង៣ខាងលើល្អ ស្អាតទាំងអស់គ្នា។ សុខភាពបរិស្ថានល្អ វានឹងនាំឱ្យសុខភាពមនុស្ស សត្វនៅលើលោកនេះ ក៏ល្អដូចគ្នាដែរ៕