(ភ្នំពេញ)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំរំដួល នៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររយៈពេល១ឆ្នាំ លើវិស័យធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំនាពេលនេះ មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង លោកអនុប្រធានអចិន្ត្រៃយ៍ លោកអនុប្រធានអាជ្ញាធរ ព្រមទាំងលោក លោកស្រីជាអគ្គាធិការរង អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន លេខាធិការដ្ឋាន និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាសរុបប្រមាណ ៨០នាក់។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា គិតមកដល់ពេលនេះគឺគម្រប់រយៈពេល ១ឆ្នាំ នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយដែលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់វិស័យអាទិភាពគន្លឹះចំនួន ៥គឺ៖ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិកាជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានកំណត់នូវចក្ខុវិស័យសម្រាប់ការដឹកនាំ និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រត្រឹមត្រូវច្បាស់លាស់សម្រាប់អនុវត្ត ដោយបានកំណត់នូវអាទិភាពការងារ និងបានរៀបចំជាផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីការពារ ថែរក្សាគ្រប់គ្រងដែនព្រៃលិចទឹក គ្រប់គ្រងធនធានទឹក និងអាងទន្លេ ធានាបាននូវសន្តិសុខទឹក សំដៅចូលរួមចំណែកក្នុងការទ្រទ្រង់និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាមួយបណ្តាមន្ទីររាជធានី-ខេត្តទៅតាមឋានានុក្រមការងារ បានធ្វើឱ្យដំណើរការការងារមានភាពរស់រវើកប្រកបដោយស្មារតីសាមគ្គីភាព ដើម្បីបំពេញនូវបេសកកម្មចម្បង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រគល់ជូន។ ជាពិសេស ការងារឆ្លើយតបភ្លាមៗ ចំពោះបញ្ហាទឹកជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួតនៅតាមបណ្តាខេត្តមួយចំនួន ដោយបានសហការយ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លទ្ធផលការងារដែលសម្រេចបានរយៈពេល ១ឆ្នាំនេះនឹងក្លាយជាកម្លាំងចលករជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអនុវត្តផែនការការងារ សំដៅរួមចំណែកដល់ការអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕