ឯកឧត្តមវេជ្ជ. សុះ មុះសិន ជួបសំណេះសំណាលជាមួយនិស្សិតនារីមុស្លិមកំពុងស្នាក់នៅអន្តរវេសិកដ្ឋាននារីមុស្លិមកម្ពុជា


ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញបានជួបសំណេះសំណាលជាមួយនិស្សិតនារីមុស្លិមកំពុងស្នាក់នៅអន្តរវេសិកដ្ឋាននារី និងកំពុងបន្តការសិក្សាតាមគ្រឹះស្ថានសិក្សានានា កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារសមាគម សរុប ៤០នាក់ នៅទីស្នាក់ការសមាគមនិស្សិតមុស្លិមកម្ពុជា។

ឯកឧត្តមវេជ្ជ.សុះ មុះសិន ក្នុងនាមប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានលើកឡើងអំពីប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូររបបនយោបាយនៅប្រទេសកម្ពុជាពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលមេដឹកនាំខ្លះបានគូសវាសគោលនយោបាយខុស ធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងរណ្ដៅភ្នក់ភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍។

ទើបតែពីឆ្នាំ១៩៩៣ រហូតមក ប្រទេសកម្ពុជាបានប្រកាន់យកលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ ផ្ទុយទៅវិញ ប៉ុន្មានអាណត្តិចុងក្រោយនេះ ក្រុមប្រឆាំង ព្យាយាមបង្អាក់ដំណើរប្រជាធិបតេយ្យនៅកម្ពុជា ហើយតែងតែប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈប្រើប្រាស់កម្លាំងមហាជន និងចេតនាបង្កចលាចល បាតុកម្មហឹង្សា ពីសំណាក់ក្រុមជ្រុលនិយម ដូចនេះរាជរដ្ឋាភិបាលមានសិទ្ធិ និងកាតព្វកិច្ចការពារសុខសន្តិភាព សណ្ដាប់ធ្នាប់ និងថែរក្សាស្ថិរភាពនយោបាយ និងសង្គម-សេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានផ្តាំផ្ញើដល់ក្មួយៗជានិស្សិត ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តដឹកនាំប្រទេស រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី ក្រុមការងារ និងក្មួយៗជានិស្សិតទាំងអស់ ដើម្បីមានមូលដ្ឋានកាន់តែច្បាស់ ចៀសវាងការវិនិច្ឆ័យខុសពីវត្ថុបំណងពិតនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមរយៈភាពងាយស្រួលក្នុងការទំនាក់ទំនង ការដោះដូរទំនិញ ការធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងបី ពុំមានការកាត់ដីទៅឱ្យប្រទេសណាមួយ ដូចការបំផុសបំផុលពីក្រុមឆ្លៀតឱកាសនិយមបានលើកឡើងនោះឡើយ។ កម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យភាព មានបូរណភាពទឹកដី មានព្រំដែនគោក ព្រំដែនទឹកច្បាស់លាស់ ហើយស្មើមុខស្មើមាត់ក្នុងតំបន់ និងសកលលោក។

ឯកឧត្តមបានណែនាំ និងផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ស្រាវជ្រាវ និងឈ្វេងយល់ទិដ្ឋភាពច្បាប់ គោលនយោបាយ និងឯកសារគតិយុត្តនានា ដើម្បីមានមូលដ្ឋានក្នុងការសម្រេចចិត្ត កុំជឿលើប្រភព័ត៌មានមិនច្បាស់លាស់ នាំឱ្យចាញ់បោកក្រុមជ្រុលនិយមមួយចំនួន ដែលមានមូលដ្ឋាននៅក្រៅប្រទេសក្នុងចេតនាញុះញុងប្រជាពលរដ្ឋឱ្យធ្វើបាតុកម្ម និងមានផែនការរៀបចំចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្មួយៗត្រូវចេះស្រលាញ់ សាមគ្គីគ្នា និងខិតខំរៀនសូត្រ ឱ្យទទួលបានជោគជ័យលើការសិក្សា មានការងារល្អ ដើម្បីលើកកម្ពស់ជីវភាពគ្រូសារ ចូលរួមអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិយើងផងដែរ។