អភិបាលខេត្តកោះកុង ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន និងទទួលសម្ភារប្រើប្រាស់មួយចំនួន


(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសលោកទូត មកទស្សនកិច្ចនៅខេត្ដកោះកុង។ ជំនួបនេះ បានរៀបចំធ្វើឡើង នៅស្នងការនគរបាលខេត្តកោះកុង។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏ផ្តល់សម្ភារប្រើប្រាស់មួយចំនួន ជូនដល់អង្គភាព នៃស្នងការនគរបាលខេត្ត រួមមាន៖ កុំព្យូទ័រលើតុ២គ្រឿង, កុំព្យូទ័រយួរដៃ៤គ្រឿង, ម៉ាស៊ីនព្រីន៣គ្រឿង និងម៉ូតូម៉ាក GEN ១១០ ចំនួន៧គ្រឿង។

លោកឧត្តមសេនីយ៍ទោ គង់ មនោ បានថ្លែងអំណរអរគុណ ដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានអញ្ជើមកទស្សនកិច្ច នៅខេត្តកោះកុង និងបានផ្តល់នូវសម្ភារ នៃបច្ចេកវិទ្យាឌីជីថលដ៏ទំនើប រួមទាំងម៉ូតូចំនួន៧គ្រឿង សម្រាប់បំពេញបេសកម្មក្នុងមូលដ្ឋាន និងបានផ្តល់បទពិសោធន៍ល្អ ជូនដល់មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕