ទូតជប៉ុនប្រចាំកម្ពុជា ចុះសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងអាជ្ញាធរខេត្តប៉ៃលិន និងស្ថានទូតប្រទេសជប៉ុន ក៏ដូចជាប្រជាជនប្រទេសទាំង២


(ប៉ៃលិន)៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំកម្ពុជា ដើម្បី ពិភាក្សា និងសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងអាជ្ញាធរ នៃរដ្ឋបាលខេត្តប៉ៃលិន និងស្ថានទូតប្រទេសជប៉ុន ក៏ដូចជាប្រជាជនជប៉ុន និងប្រជាជនកម្ពុជាផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម  អ៊ូអិណុ អាត់ស៊ូស៊ិ និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត, ស្ថានភាពជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ជប៉ុន-កម្ពុជាគឺជាមិត្ដដ៏ជិតស្និទ្ធ, មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះ បានប្រែក្លាយទៅជាមិត្តភាព ដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការ រវាងគ្នានឹងគ្នា ឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត។

ជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាលប្រទេសជប៉ុន និងប្រជាជនជប៉ុន កន្លងមកបានជួយឧត្ថម្ភគាំទ្រលើវិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា៖ ផ្លូវ ស្ពានសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម។

ជាការឆ្លើយតបឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ បានកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំងសន្យាថា នឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាម ប្រទេសជាមិត្តដ៏យូអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕