ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបារថាហីម(Zaheeruddin Babar Thaheem ) ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍។
ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូស្ថានទូតប៉ាគីស្ថានពីគម្រោងអភិវឌ្ឍន៍ផ្សេងៗ ស្ថានភាពជារួមរបស់ខេត្ត និងការដោះដូរពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសថៃ ជាពិសេសសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងលើវិស័យទេសចរណ៍ និងកសិកម្ម។
ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ថ្វីត្បិតតែខេត្តបាត់ដំបងមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម ប៉ុន្តែការទាក់ទាញអ្នកវិនិយោគលើផ្នែកឧស្សាហកម្ម និងការកែច្នៃកសិផលនៅមានកម្រិតតិចតួច។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា ក្រៅពីការផ្គត់ផ្គង់ក្នុងខេត្ត ហើយខេត្តបាត់ដំបងនៅសល់អង្ករប្រមាណ ៧៥ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសមានប្រមាណ ៣០ម៉ឺនតោនតែប៉ុណ្ណោះ ចំណែកអង្ករនៅសល់ត្រូវបាននាំចេញទៅកាន់បណ្ដាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានស្នើដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយកៀរគរអ្នកវិនិយោគរបស់ប៉ាគីស្ថានមកបណ្ដាក់ទុនវិនិយោគ និងផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយខេត្តបាត់ដំបង ដោយរដ្ឋបាលខេត្តបានត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការស្វាគមន៍ និងផ្ដល់កិច្ចសហការជានិច្ច។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត អះអាងថា នឹងនាំយកសំណើររបស់ ឯកឧត្តមអភិបាលខេត្ត ទៅជម្រាបជូនដល់ថ្នាក់ដឹកនាំរបស់ប្រទេសប៉ាគីស្ថានឱ្យបានជ្រាប ជាពិសេសផ្តោតលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ខេត្តបាត់ដំបងនាពេលនេះ ឯកឧត្តម បានសម្ដែងការកោតសរសើរចំពោះខេត្តបាត់ដំបងថាជាខេត្តដែលមានវប្បធម៌ដ៏ចំណាស់ មានអគារប្រវត្តិសាស្រ្ត ជាពិសេសមានផ្ទៃដីកសិកម្មធំទូលាយដែលកំពុងទទួលបានភោគផលល្អ។
ឯកឧត្តម មើលឃើញថា ខេត្តបាត់ដំបងមានសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ ប៉ុន្តែរោងម៉ាស៊ីនកិនស្រូវមានចំនួនតិចនៅឡើយដែលទាមទារឱ្យមានការបណ្ដាក់ទុនវិនិយោគបន្ថែម។ ឯកឧត្តម គូសបញ្ជាក់ថា ប៉ាគីស្ថាន និងប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន១០ដែលផលិតអង្ករច្រើនជាងគេ ដូច្នេះប៉ាគីស្ថានអាចជួយប្រទេសកម្ពុជាក្នុងចំណុចណាមួយបាន។ ជាក់ស្ដែងប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕



