គណៈប្រតិភូក្រសួងធនធានទឹក និង​ឧតុនិយម​​ជាង​ ១០០នាក់​ធ្វើទស្សនកិច្ចប្រព័ន្ធធារាសាស្ត្រ​នៅ​តំបន់ត្រីកោណអភិវឌ្ឍន៍​(CLV) ក្នុង​ខេត្តក្រចេះ និង​​ខេត្តស្ទឹងត្រែង


ក្រោម​ការ​​គាំទ្រ និង​​ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​ ​ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា គណៈប្រតិភូជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​​​ក្រសួងធន​ធាន​ទឹក និង​ឧតុនិយម​​ចំនួន ១០៨នាក់​ ដឹកនាំដោយ​ឯកឧត្ដម​ ភួន ចន្ថា និង​ឯកឧត្តម​ ហូ សិទ្ធីវ័ន្ដ​ អនុរដ្ឋលេខាធិការ​ ​ បាន​ធ្វើទស្សនកិច្ចនៅ​បណ្តាប្រព័ន្ធធារាសាស្ត្រ​ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា​-ឡាវ-​វៀតណាម (CLV-DTA) ក្នុងភូមិសាស្ត្រខេត្តក្រចេះ និង​​ខេត្តស្ទឹងត្រែង។​
ក្នុងដំណើរទស្សនកិច្ចស្វែងយល់​រយៈពេលពីរថ្ងៃ​ ចាប់ពីថ្ងៃទី​១៦ ដល់ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០២៤​ ក្នុងតំបន់​ត្រីកោណអភិវឌ្ឍន៍​ភូមិភាគឦសាន​ គណៈប្រតិ​ភូបាន​ចុះពិនិត្យស្វែងយល់នៅ​ស្ថានីយជលសាស្រ្ត​ នៅឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ជាមួយគ្នានេះ គណៈប្រតិភូក្រសួងធនធានទឹក និង​ឧតុនិយម​​​បានចុះស្វែងយល់ជាក់ស្តែង​ពីទំនប់អាងទឹកអូរពូក ស្ថិតក្នុង​ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង​ ដែលមានសក្ដានុពល​​អាចស្តុកទឹកបាន​ ២,៥លានម៉ែត្រគូប មានលទ្ធភាព​អាចស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល​រដូវវស្សា​ប្រមាណ ៥០០ហិកតា និងរដូវ​ប្រាំង​ប្រមាណ​ ៣២០​ហិកតា។​​ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​​រួម​មាន​ សំណង់បង្ហៀរ១​ និងទ្វារ​ទឹកចំនួន៤ និងមានប្រឡាយមេសរុបប្រវែងប្រមាណ​​ ៤៥០០ម៉ែត្រ​ និង​​មានសំណង់ស្ទាក់ទឹក​ ១កន្លែង។​
ឆ្លៀតក្នុងឱកាសនោះដែរ​​ គណៈប្រតិភូក្រសួងធនធានទឹក និង​ឧតុនិយម ក្រោមកិច្ចសហការរបស់​រដ្ឋបាលខេត្តស្ទឹងត្រែង​ ​បានទៅទស្សនកិច្ចតំបន់ព្រំដែនកម្ពុជា-ឡាវ និង​បាន​​ពិនិត្យដោយផ្ទាល់​បង្គោលព្រំដែនលេខ០៣៤ និងលេខ០៣៥។
សូមបញ្ជាក់ថា​ ដំណើរទស្សនកិច្ច​​ទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍​ក្នុង​ខេត្តភូមិភាគឦសាន​រួមមាន​ ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​នាពេលនេះ គឺ​ដើម្បីឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​​ក្រសួងធនធានទឹក និង​ឧតុនិយម​បានស្វែងយល់ជាក់ស្តែង​ពីការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ​នៅតំបន់​ត្រីកោណអភិវឌ្ឍន៍​(CLV) និង​ស្គាល់កាន់តែច្បាស់ពីស្ថានភាព​ និង​​​ទីតាំងភូមិសាស្រ្តនៅតាមព្រំដែន​​។ ​ជាមួយគ្នានេះ​ប្រតិភូ​ទាំងអស់​បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ និង​បាន​ប្តេជ្ញាតាំងចិត្តចូលរួមអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) ឱ្យ​កាន់តែមានភាពរីកចម្រើន៕