(ពោធិ៍សាត់)៖ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមមួយខ្សែ ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋានឃុំអូរតាប៉ោង និងតំណាងប្រជាពលរដ្ឋ ដែលអាស្រ័យផលផ្លូវនេះ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំអូរតាប៉ោង ហើយឯកឧត្តមបណ្ឌិត លើកឡើងថា ផ្លូវក្រាលក្រួសក្រហមដែលត្រូវបើកការដ្ឋានសាងសង់ក្នុងពេលនេះ គឺឆ្លើយតមតាមតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំអូរតាប៉ោង ដោយការសាងសង់នេះ គឺប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឲ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានោះ ឯកឧត្តមសុំការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានគេហដ្ឋាន ឬធ្វើដំណើរលើផ្លូវនេះ អាចនឹងជួបការលំបាក ឬហុយធូលីដីជាដើម នៅពេលផ្លូវនេះកំពុងស្ថាបនា ប៉ុន្តែនៅពេលស្ថាបនារួច ច្បាស់ណាស់បងប្អូនប្រជាពលរដ្ឋ នឹងមានភាពងាយស្រួល ក្នុងការធ្វើដំណើរជាក់ជាមិនខាន ដូចនេះសូមបងប្អូន ក៏ដូចជាអាជ្ញាធរ ត្រូវចូលរួមថែរក្សាផ្លូវនេះ ទាំងអស់គ្នា ដើម្បីការប្រើប្រាស់ជាប្រយោជន៍រួម បានយូរអង្វែង កុំចាក់ដីលុបផ្លូវទឹកនៅសងខាងផ្លូវ ដោយពុំបានដាក់លូ កុំទុកដាក់សម្ភារៈផ្សេងៗឬ ហាលស្រូវដំឡូងនៅលើផ្លូវ និងត្រូវទបស្កាត់រថយន្តធំៗដឹកលើសទំងន់។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមការពារសន្តិភាព ដើម្បីប្រទេសជាតិយើងកាន់តែអភិវឌ្ឍន៍រីកចម្រើន និងទទួលបាន សមិទ្ធផលថ្មីៗតូចធំបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ព្រោះថាបើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍន៍និងរីកចម្រើនដែរ ។
គួរឲ្យដឹងថា ផ្លូវក្រាលក្រួសក្រហម ដែលត្រូវបើកការដ្ឋានសាងសង់ក្នុងពេលនេះ មានទទឹង៨ម៉ែត្រ បន្ថែមលើផ្លូវលំចាស់ ដែលមានទទឹងត្រឹមតែ៤ម៉ែត្រ និងមានបណ្តោយប្រវែង៧,០០០ម៉ែត្រ ចាប់ពីចំនុចផ្លូវជាតិលេខ៥ក្នុង ភូមិអូរតាប៉ោង ភ្ជាប់ទៅកាន់ភូមិជាច្រើនទៀត ក្នុងឃុំអូរតាប៉ោង រហូតដល់ព្រំប្រទលឃុំមេទឹក ហើយផ្លូវនេះ ជាផ្លូវមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ មកកាន់ទីរួមស្រុកបាកាន មកមន្ទីរពេទ្យ មកផ្សារ មកសាលារៀន ជាពិសេសគឺដឹកកសិផលដែលប្រជាពលរដ្ឋ តាមភូមិដាំដុះផលិតបាន៕