(ភ្នំពេញ)៖ ក្នុងនាមជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីក្រុងញូវយ៉ក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាន។
ឯកឧត្តម សុខ ចិន្តាសោភា នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអនាគត ក្រោមមូលបទ «ដំណោះស្រាយពហុភាគីសម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ និងមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ ការមិនទុកនរណាម្នាក់ចោល៖ ធ្វើការរួមគ្នាដើម្បីលើកស្ទួយសន្តិភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូរជាមនុស្ស សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»។
ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន-សម្ព័ន្ធប៉ាស៊ីហ្វិក លើកទី៧ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 លើកទី២ និងកិច្ចពិភាក្សាតុមូលអាហារពេលល្ងាចរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសម្រាប់ការយល់ដឹងអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និង ឥស្សរជនជាន់ខ្ពស់ មកពីបណ្តាប្រទេសនានា ផងដែរ៕