សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំសមាជិការដ្ឋសភាគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងឱកាសទិវាអន្តរជាតិនារីខួបលើកទី១១៤


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិការដ្ឋសភា អញ្ជើញសួរសុខទុក្ខ និងគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដល់ភូមិគ្រឹះក្នុងរាជធានីភ្នំពេញ នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារីខួបលើកទី១១៤។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភានិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ និងខ្លួនសម្តេចផ្ទាល់ សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា ដែលជានិច្ចកាលតែងយកកម្លំាងកាយចិត្ត បញ្ញា និងស្មារតីក្នុងការបំពេញបេសសកម្មបម្រើផលប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងតែងតែងបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនិងតួនាទីរបស់ស្រ្តីកម្ពុជា ឱ្យមានការយល់ដឹង និងទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ។

សម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូ បានថ្លែងនូវអំណរគុណនិងការដឹងគុណជានិច្ច ចំពោះពលីកម្មដ៏ធំធេងរបស់សម្តេចធម្មវិសុទ្ធវង្សា ដែលបានចូលរួមអបដំណើរជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាដរាបរហូតមក ក្នុងការបម្រើប្រទេសជាតិនិងប្រជាជពលរដ្ឋ នៅគ្រប់ដំណាក់កាល។ ក្នុងឱកាសដ៏នក្ខត្តឬក្សនេះ សូមបួងល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្កិសិទ្ធិទំាងអស់ក្នុងលោក សូមថែរក្សាបីបាច់និងប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរជូន សម្ដេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទំាងបុត្រាបុត្រី ចៅប្រុស ចៅស្រី ទំាងអស់ សូមបានប្រកបដោយពុទ្ធពរទំាងបូនប្រការគឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕