(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន ច្រានចោលការចោទប្រកាន់ទាំងឡាយណាដែលថា កម្ពុជាបាញ់ចាប់ផ្តើមមុន និងកម្ពុជាបំពានបទឈប់បាញ់ ខណៈឯកឧត្តមបញ្ជាក់ថា ជម្លោះប្រដាប់អាវុធ គឺជាអ្វីដែលកម្ពុជាខិតខំចៀសវាងបំផុត។
លើកឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការចោទប្រកាន់ទាំងនោះ គឺសុទ្ធសឹងតែជាការចោទប្រកាន់ដែលមិនសមហេតុផល និងមិនសមស្របជាមួយប្រទេសកម្ពុជា ទាល់តែសោះ។
ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះថា «ចុងក្រោយនេះយើងបានលឺការចោទប្រកាន់មួយចំនួនថា កម្ពុជាជាអ្នកចោទប្រកាន់ កម្ពុជាជាឈ្លានពាន កម្ពុជាជាអ្នកបាញ់មុន ហើយឥលូវនេះយើងលឺពាក្យមួយទៀតថាកម្ពុជាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ដែលយើងសម្រេចបានកាលពីថ្ងៃទី២៨ កក្កដា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ការចោទប្រកាន់ទាំងឡាយនោះ គឺសុទ្ធសឹងតែជាការចោទប្រកាន់ដែលមិនសមហេតុផល និងមិនសមស្របជាមួយប្រទេសកម្ពុជា ទាល់តែសោះ»។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនិតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយសំឡឹងទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដោយឈរលើមូលដ្ឋានគ្រឹះនៃសុខសន្តិភាពនេះ។ ដូច្នេះប្រាកដណាស់ថា កម្ពុជាត្រូវថែរក្សាសន្តិភាពឱ្យបាន ទើបមានពេលអភិវឌ្ឍន៍ប្រទេស។ ដូច្នេះជម្លោះប្រដាប់អាវុធ ឬសង្រ្គាម គឺជាអ្វីដែលកម្ពុជា ត្រូវជៀសវាងជាទីបំផុត។
ទន្ទឹមគ្នានេះឯកឧត្តម ប៉ែន បូណា លើកឡើងថា ៣ទសវត្សមកនេះ សន្តិភាព បានក្លាយជាអត្តសញ្ញាណកម្ពុជាទៅហើយ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ផ្តល់តម្លៃខ្ពស់ដល់ការថែរក្សាសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ៕