(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឧបនាយករដ្ឋមន្ត្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក ណៃ ចន្នី យោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតប្រយុទ្ធលើសមរភូមិ ដើម្បីការពារបូរណភាពទឹកដី កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៥ឆ្នាំ។ ពិធីបុណ្យរៀបចំនៅភូមិរំលឹក ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខក៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃវីរយុទ្ធជន ដែលបានបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយថៃ ដែលបានឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ យើងខ្ញុំសូមបួងសួងសូមវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក ណៃ ចន្នីបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕