ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ចនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលកំពុងតែស្នាក់នៅជំរំទីទួលសុវត្ថិភាព


ឧត្តរមានជ័យ៖ ដើម្បីជាការយកចិត្តទុកដាក់ ក៏ដូចជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងដែលជាជនភៀសសឹក ឯកឧត្តម លីវ សុភក្ត្រាបានដឹកនាំគណៈប្រតិភូនាំយកអំណោយមនុស្សធម៌ ១០០០ កញ្ចប់ ( ១០០០ Kits) របស់មូលនិធិជនភៀសខ្លួន និង វីរកងទ័ពជួរមុខ សម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលបានជម្លៀសចេញពីតំបន់ឈ្លានពានរបស់ថៃ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មកចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកចំនួន១០០០គ្រួសារ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ។

ក្នុងពិធីប្រគល់ និងចែកជូនអំណោយនេះដែរ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ ក្នុងឱកាសជួបសំណេះ សំណា លសួរសុខទុក្ខបងប្អូនជាជនភៀសសឹក នាពេលនេះ ឯកឧត្តម លីវ សុភត្ត្រា បានមានប្រសាសន៍បញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅពេលនេះ បានមកពីការចូលរួមវិគាគទានពីសប្បុរសជន ថ្វីត្បិតតែមិនអាចបំពេញនូវតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏ជាការរួមចំណែក ជួយសម្រួលដល់ការខ្វះខាតដល់បងប្អូនយើងបានមួយ រយៈពេលផងដែរ ។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានសំដែងនូវសេចក្តីនឹករលឹក និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យពីការប្រយុទ្ធគ្នា និងដើម្បីជួយសម្រួល ទុកឱកាសឱ្យកងទ័ពនៅសមរភូមិការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន ដើម្បីការពារនូវអធិបតេយ្យភាពទឹកដីរបស់យើងឲ្យបានគង់វង្ស។

នាឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ឯកឧត្តម លីវ សុភក្ត្រា និងបងប្អូនដែលជាសប្បុរសជនទាំងអស់ ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារះប្រើប្រាស់ប្រចាំថ្ងៃ យ៉ាងសន្ធឹកសន្ធាប់ និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃនាថ្ងៃនេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។