ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគណៈប្រតិភូបានទទួលជួបអាហារពេលព្រឹកជាមួយលោកស្រី Patricia Zurita ប្រធានផ្នែកភាពជាដៃគូ និងជាអនុប្រធានអង្គការអភិរក្សអន្តរជាតិ (Conservation International) និងក្រុមការងារ ដើម្បីពិភាក្សាពីការអនុវត្តនូវផែនការជាតិរួមចំណែកនឹងការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) សម្រាប់វិស័យព្រៃឈើដែល CI នឹងកៀរគរនូវធនធាននៅក្រោម Forest & Climate Leaders’ Partnership (FCLP)។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបង្ហាញពីឆន្ទៈរបសកម្ពុជាក្នុងការកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់រហូត់ដល់៥៥% នៅឆ្នាំ២០៣០ និងមានយន្តការយ៉ាងច្បាស់លាស់ក្នុងការបង្កើនគម្របព្រៃឈើតាមរយៈការអនុវត្តច្បាប់ ការដាំដុះព្រៃឈើឡើងវិញ និងការថែរក្សាព្រៃឈើដើម្បីទាញយកឥណទានកាបូនព្រៃឈើ។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចសហការគ្នាដើម្បីទាញយកថវិកានៅក្រោមយន្តការ FCLP ដើម្បីការអភិរក្ស និងកិច្ចការពារព្រៃឈើក្នុងគោលបំណងបង្កើនអាងស្តុកកាបូនព្រៃឈើ និងឈានទៅរកប្រទេសមានអព្យាក្រិតកាបូននៅឆ្នាំ២០៥០។


