(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ លើរបៀបវារៈសំខាន់ៗ ចំនួន ៤ ដើម្បីដាក់ទិសដៅការងារនៅខែបន្ទាប់ នៅសាលប្រជុំប្រាសាទតោ។ បន្ទាប់ពីបានដាក់ជូនអង្គពិធី ពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវរបៀបវារៈរួចមក អង្គប្រជុំបានអនុម័តដោយការលើកដៃ។
ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរវិស័យនានាជុំវិញខេត្ត ដែលបានអនុវត្តតួនាទីភារកិច្ចកន្លងមកបានល្អ ក្នុងនោះដែរបានណែនាំដល់កងកម្លាំងទាំងបី បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថភាព ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពជូនប្រជាពលរដ្ឋ ជាពិសេសបង្ការទប់ស្កាត់ ការជួញដូរ ការប្រើប្រាស់ ការចែកចាយគ្រឿងញៀននៅតាមមូលដ្ឋាន ភូម-ឃុំ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។
លើសពីនេះទៀតឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានជំរុញដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ និងចាត់វិធានការសង្គ្រោះប្រជាពលរដ្ឋ និងផលដំណាំរបស់កសិករ ឱ្យបានទាន់ពេលវេលា ជាពិសេសបន្ទាប់ពីទឹកស្រកទៅវិញ ត្រូវតែពិនិត្យមើលស្ថានភាពផ្លូវណាដែលទទួលរងគ្រោះខូចខាត ត្រូវខិតខំស្វែងរកកញ្ចប់ថវិកាបន្ទាន់ណាមួយ ដើម្បីត្រៀមកែសម្រួលជួសជុលឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

