លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។
ជំនួបដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះភាគីទាំងពីរបានសម្តែងការពេញចិត្តលើទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើវិស័យនានាដូចជា ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ការបោសសំអាតមីន។ល។
ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-អាស៊ែបៃហ្សង់ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីបន្ថែមមួយកម្រិតទៀត។
ជាងនេះទៅទៀត លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហរ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តការដោះស្រាយដោយសន្តិវិធី និងអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ៕


