អ្នកនាំពាក្យ៖ រដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះទំនាក់ទំនងជាមួយជប៉ុន និងប្តេជ្ញាចិត្តយ៉ាងពេញលេញពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ


អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងដែលត្រូវបានពង្រឹងតាមរយៈការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចាប់តាំងពីដំណាក់កាលស្ដារសន្តិភាពឡើងវិញនៅកម្ពុជា ប្រទេសជប៉ុន គឺជាដៃគូដ៏រឹងមាំ និងសប្បុរសបំផុតមួយរបស់កម្ពុជា ដែលផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) យ៉ាងច្រើនអនេក ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស សកម្មភាពដោះមីន សុខាភិបាល និងអប់រំជាដើម។

អ្នកនាំពាក្យក្រសួងការបរទេស បានបន្តថា ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលថ្មីៗនេះ និងការប្រកាសកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ក្នុងខែឧសភា ឆ្នាំ២០២៥ បញ្ជាក់សាជាថ្មីអំពីភាពរឹងមាំ និងការសម្លឹងឆ្ពោះទៅមុខនៃភាពជាដៃគូនេះ។ ប្រទេសទាំងពីរកំពុង ធ្វើការយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់ការតភ្ជាប់ កំណើនបៃតង កំណែទម្រង់ឌីជីថល និងការអភិវឌ្ឍ ធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។

ខណៈកម្ពុជាទទួលស្គាល់ពីសារៈសំខាន់នៃការយល់ដឹងអំពីប្រវត្តិសាស្ត្រ អភិក្រមគោលនយោបាយរបស់យើងគឺផ្តោតយ៉ាងមុតមាំលើការផ្សះផ្សា កិច្ចសហប្រតិបត្តិការ និងអនាគតរួម។ ភាពជាដៃគូកម្ពុជានិងជប៉ុនគឺនាំមុខដោយគោលការណ៍អធិបតេយ្យ ការគោរពគ្នា និងសមភាព ហើយក៏ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយការស្ថាបនានៅក្នុងតំបន់ផងដែរ៕