ឯកឧត្តម សុះ មុះសិន អញ្ជើញបើកអង្គមីទ្ទិញ ខួបលើកទី៤៧ នៃថ្ងៃបង្កើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨ – ០២ ធ្នូ ២០២៥) 


ឯកឧត្តម សុះ មុះសិន អ្នកតំណាងរាស្ត្រខេត្តកណ្តាល ជាសមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក តំណាង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញបើកអង្គមីទ្ទិញខួបលើកទី៤៧ នៃថ្ងៃបង្កើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨ – ០២ ធ្នូ ២០២៥) មានការអញ្ជើញចូលរួមពី លោក លោកស្រី គណៈកម្មាធិការគណបក្សស្រុក និងលោក លោកស្រីមន្ត្រីគណបក្សជាសមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូបទៀត ស្ថិតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម សុះ មុះសិន បានជម្រាបថា កម្មវិធីនេះប្រារព្ធឡើង ក្នុងគោលបំណង សម្ដែងនូវស្មារតីដឹងគុណយ៉ាង ជ្រាលជ្រៅបំផុត និងសូមគោរពដល់ដួងវិញ្ញាណក្ខ័ន្ធ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាអគ្គស្ថាបនិក រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបុព្វការីជន វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបាន ធ្វើមហាពលិកម្មដ៏ធំធេង និងយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុជាតិនៅគ្រប់សម័យកាល ដើម្បីភាពស្ថិតស្ថេរ គង់វង្ស រីកចម្រើន និងសន្ដិភាព នៃមាតុភូមិ និងប្រជាជនកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា សូមចងចាំជានិច្ចនូវគំរូវីរភាព និងគុណូបការៈដ៏ឧត្តុងឧត្តមនេះ ហើយប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត។ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មានឈ្មោះដើមថា រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។
ឯកឧត្តម បានឲ្យដឹងថា ការចាប់បដិសន្ធិឡើងនៃអង្គការចាត់តាំង រួមជាមួយនឹងកម្មវិធីនយោបាយរណសិរ្ស នាពេលនោះ គឺជារបត់ប្រវត្តិសាស្ដ្រមួយយ៉ាងធំធេងសម្រាប់ប្រជាជាតិកម្ពុជា ដែលមិនត្រឹមតែមានសារៈសំខាន់សម្រាប់ ការតស៊ូរំដោះជាតិ និងសង្គ្រោះជាតិយើងទាំងអស់គ្នា ឲ្យចាកផុតពីគ្រោះមហន្ដរាយនៃរបបប្រល័យពូជសាសន៍ ប៉ុណ្ណោះទេ តែក៏បានផ្ដល់ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការកសាងសង្គមជាតិកម្ពុជា ពោលគឺការកសាងនយោបាយ ដឹកនាំមួយ ដែលមានមាគ៌ាយុទ្ធសាស្ដ្រ យុទ្ធវិធីច្បាស់លាស់នៅក្នុងការដឹកនាំ និងកសាងប្រទេសឡើងវិញ បន្ទាប់ពី ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំកន្លងមក។
ឯកឧត្តម បានបន្ថែមថា អស់រយៈពេល ៤៧ឆ្នាំ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅ បំផុត ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ដែលជា អគ្គស្ថាបនិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានយក អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីប្រមូលផ្ដុំអ្នកស្នេហាជាតិ ប្រយុទ្ធផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានទប់ស្កាត់ មិនឲ្យរបបដ៏ឃោរឃៅនេះ ត្រលប់មកវិញបានឡើយ។
ឯកឧត្តម បានបញ្ជាក់ថា ឆ្លងកាត់រយៈពេលជាង ២ឆ្នាំមកនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពុះពារជម្នះបញ្ហាប្រឈមជាច្រើនសម្រេចបានសមិទ្ធផលលើ គ្រប់វិស័យប្រកបដោយមោទនភាព ដែលឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន កម្ពុជា។ ជាមួយគ្នានេះ ការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពុងផែ ព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ កំពុងត្រូវបានជំរុញយ៉ាងខ្លាំងបន្ថែមទៀត ឆ្លងតាមលទ្ធផលជាក់ស្តែងទាំងអស់នេះ បានបង្ហាញថារដ្ឋាភិបាលបាននិង កំពុងអនុវត្តនូវអ្វីៗដែលជាការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យ។ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ គឺជាវិញ្ញាសាសាកល្បងដ៏ធំថ្មីមួយទៀត ដែលកម្ពុជាបាននិងកំពុងជួបប្រទះ និងខិតខំពុះពារដោះស្រាយ ប្រកបដោយភាពម្ចាស់ការដោយប្រកាន់ជំហរជាក់លាក់ ក្នុងការស្វែងរកដំណោះស្រាយ ដែលត្រឹមត្រូវសម្រាប់រយៈពេលវែងដោយសន្ដិវិធី ឈរលើគោលការណ៍ការទូត និងច្បាប់ ស្របតាមកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ដែលមានស្រាប់រវាង្រទេសទាំងពីរ និងច្បាប់អន្ដរជាតិនានា ជាធរមាន។ ជម្លោះព្រំដែននាពេល នេះ បានបង្ហាញឲ្យយើងទាំងអស់គ្នាឃើញកាន់តែច្បាស់អំពី «គុណតម្លៃនៃសន្ដិភាព» ៕