ពិធីបិទយុទ្ធនាការ ១៦ថ្ងៃ៖ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»


(ស្វាយរៀង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាអន្តរជាតិសិទ្ធិមនុស្ស ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។

ថ្នាក់ដឹកនាំក្រសួង និងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តស្វាយរៀង រួមជាមួយអង្គការជាតិ អន្តរជាតិជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១៤០០នាក់ បានចូលរួមក្នុងពិធីនេះ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងពីសារសំខាន់នៃការយល់ដឹងអំពីសុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ ដែលជាផ្នែកមួយនៃលក្ខខណ្ឌការងារ ដើម្បីឱ្យនិយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធបន្តចូលរួមជំរុញការលើកកម្ពស់សិទ្ធិការងារ និងផលិតភាពការងារនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យកម្មករនិយោជិតទាំងអស់ ស្វែងយល់អំពីសិទ្ធិរបស់ខ្លួន ក្នុងការទទួលបានសុវត្ថិភាពការងារ និងប្រើប្រាស់នូវយន្តការបណ្តឹង ក្នុងករណីទទួលរងនូវការប្រើប្រាស់អំពើហិង្សាផ្អែកលើយេនឌ័រ ជាពិសេសកម្មករនិយោជិតជាស្ត្រី។

ជាមួយនឹងការថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់សារសំខាន់ ព្រមទាំងចូលរួមក្នុងយុទ្ធនាការយ៉ាងសកម្មចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី ១០ ធ្នូនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏នៅតែអំពាវនាវឱ្យបន្តអនុវត្តកិច្ចការនេះ ប្រកបដោយប្រសិទ្ធភាពដើម្បីសម្រេចបានទាំងគោលដៅសង្គម និងគោលដៅសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ឆ្នាំ២០២៥ នេះ ជាខួបលើកទី៣៤ ហើយយុទ្ធនាការ ១៦ថ្ងៃ ដែលបានដំណើរការបញ្ចប់ប្រកបដោយជោគជ័យ ហើយក្នុងនោះ ចំណែកដ៏សំខាន់នៃការសម្រេចបាននេះ អាស្រ័យដោយការចូលរួមគាំទ្រយ៉ាងសកម្មពីដៃគូនានាដូចជា៖ តំណាងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍, តំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC), សហជីព, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សហភាពសហជីព, ក្រុមហ៊ុន VF (Cambodia) Sourcing Co., Ltd., អង្គការ Oxfam, អង្គការ Care Cambodia, អង្គការ GIZ, និងដៃគូពាក់ព័ន្ធ៕