សហគមន៍​ខ្មែរ​ នៅ​ប្រទេស​ជប៉ុន​ប្រមូល​ផ្តុំសម្តែង​មតិ​ថ្កោលទោសថៃ ដែលបើកការបាញ់ប្រហារឈ្លានពានកម្ពុជា


ប្រទេសជប៉ុន ៖ នាថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២៥នេះ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរ​នៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នា ដើម្បី​សម្តែងមតិថ្កោលទោស​យ៉ាងដាច់​អហង្ការ​បំផុត​ចំពោះ​ទង្វើ​អមនុស្សធម៌​ដ៏​សាហាវ​ឃោរឃៅ​យង់ឃ្នង​របស់​យោធា​ថៃ ដែល​បាន​បើក​ការ​វាយប្រហារគ្មានរើសគោលដៅដោយប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពាន និងទន្ទ្រានចូលដែនអធិបតេយ្យភាព​របស់កម្ពុជាសាជាថ្មីម្តងទៀត ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។
អ្នកចូលរួមទាំងអស់ បានប្រមូលផ្តុំគ្នា នៅកណ្តាល​ទីក្រុងតូក្យូ និងខេត្តអូសាកា ដោយស្រែកបន្លឺពាក្យស្លោក និង​កាន់​បដា​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងថ្កោលទោស ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាងសាហាវព្រៃផ្សៃ​បំផុត​របស់​យោធា​ថៃ​មក​លើ​ដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និង​ការ​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់យ៉ាងច្រើន។
ក្នុងនោះដែរក៏បានទាមទារ​ឱ្យ​យោធាថៃ​បញ្ឈប់ជាបន្ទាន់​នូវ​ទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់នេះ ហើយ​ងាក​មក​គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕