(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ដឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទី និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានសាលាដំបូងខេត្ត, លោកព្រះរាជអាជ្ញា, មេបញ្ជការកងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងលោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុង ស្រុកទាំង៩ ឃុំសង្កាត់ទាំង៥០។
សន្និបាតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលដែល បានអនុវត្តក្នុងក្របខណ្ឌកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថាការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរ និងប្រគល់នូវសិទ្ធិអំណាច តួនាទីភារកិច្ច ដោយភ្ជាប់ជាមួយនូវមុខងារ ធនធានមនុស្ស និងហិរញ្ញវត្ថុមួយចំនួន មករដ្ឋបាលថ្នាក់ ក្រោមជាតិ សំដៅលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន និងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ថ្លែងបើកអង្គសន្និបាត ឯកឧត្តម ណាប់ ប៊ុនហេង បានសម្តែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះអស់លោក លោកស្រី ដែលបានបំពេញបេសកកម្មចូលរួមចំណែកបម្រើជាតិ មាតុភូមិ និងប្រជាជន សម្រេចបានលទ្ធផលនានាជាច្រើន ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ បានធ្វើឲ្យខេត្តរតនគិរី មានការរីកចម្រើន និងប្រជាពលរដ្ឋ មានការសប្បាយ រីករាយនូវផ្លែផ្កាចំពោះការអភិវឌ្ឍ ព្រមទាំងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមចាំបាច់នានា ស្របតាមគោលនយោបាយរាជរដ្ឋាបាលកម្ពុជា។
សូមបញ្ជាក់ថា អង្គសន្និបាតនឹងប្រព្រឹត្តទៅរយៈពេល ចំនួន១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ហើយពិធីបិទសន្និបាតនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្ត តំណាងឯកឧត្តមនាយឧត្តមសេនីយ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តរតនគិរី៕















