ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ផ្តល់អនុសាសន៍ណែនាំ ៩ចំណុច ដល់មន្ត្រីក្រោមឱវាទ ដើម្បីជំរុញ និងគាំទ្រដល់វិស័យសុខាភិបាល កាន់តែមានគុណភាព ប្រសិទ្ធភាព និងល្អប្រសើរថែមទៀត


(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ចំនួន ៩ចំណុច ដល់មន្ត្រីក្រោមឱវាទ ដើម្បីជំរុញ និងគាំទ្រដល់វិស័យសុខាភិបាល កាន់តែមានគុណភាព ប្រសិទ្ធភាព និងល្អប្រសើរថែមទៀត។

អនុសាសន៍ណែនាំសំខាន់ៗរួមមាន៖
* ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការ ជាពិសេសលើកស្ទួយសមត្ថភាពនារីបន្ថែមពីលើបរិបទ gender

* បន្តការងារស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមខេត្តជាប់ព្រំដែន តាមរយៈការប្រជុំ និងចុះទៅមើលផ្ទាល់

* ពង្រឹងការអនុវត្តឱ្យបានល្អទៅលើការប្រើប្រាស់បណ្តាញសង្គមក្នុងវិជ្ជាជីវៈរបស់ខ្លួន

* គ្រប់អង្គភាព និងមូលដ្ឋានសុខាភិបាលទាំងអស់ យកចិត្តទុកដាក់លើការងារកែទម្រង់វិស័យសាធារណៈ

* ជំរុញការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថបុរាណ

* ពង្រឹងលិខិតបដ្ឋាននៃការគ្រប់គ្រងសេវាកម្មឱសថ និងផលិទ្ធផលសុខភាពទាំងឡាយឱ្យបានត្រឹមត្រូវ

* ក្រុមរថយន្តគិលានសង្រ្គោះ ត្រូវពិនិត្យយន្តការ និងវិធីសាស្រ្តបន្ថែមទៀត នៅតាមទីសាធារណៈ កាន់តែឆាប់រហ័ស ដើម្បីធានាការជួយសង្គ្រោះទាន់ពេលវេលា

* បន្តពង្រឹងសមត្ថភាព និងគុណភាពសេវា នៅតាមមណ្ឌលសុខភាព និងប៉ុស្តសុខភាព

* បន្តពង្រឹងនិយ័តកម្មក្នុងវិស័យឯកជន។

កិច្ចប្រជុំនារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល នៅតាមអង្គភាព និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេសក្នុងការបំពេញតាមតួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ដែលឆ្លុះបញ្ចាំងនូវភាពរឹងមាំ និងទំនួលខុសត្រូវខ្ពស់ ក្នុងវិស័យសុខាភិបាល។ បន្ថែមពីនេះ ក៏ទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការមកទទួលសេវាសុខាភិបាល កាន់តែច្រើនឡើងផងដែរ។

សូមជម្រាបថា កិច្ចប្រជុំមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត៕